(កៀហ្ស៊ីស៊ីស្ថាន)៖ មនុស្ស ៣២នាក់ក្នុងនោះមានទាំងក្មេងៗចំនួន ០៦នាក់ផងដែរ​បានស្លាប់ បន្ទាប់ពី​យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​របស់តួកគី បានធ្លាក់អំឡុង​ពេល​ព្យាយាម​ចុះចត​នៅអាកាស​យានដ្ឋាន Manas ក្បែររដ្ឋធានីប៊ិសកិក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្នុងតំបន់អាស៊ី​កណ្តាល ខណៈមូលហេតុនៃ​ការធ្លាក់នេះត្រូវបានក្រុមជំនាញអះអាងជាបឋមថា បានបណ្តាលមកពី​អាកាសធាតុ​អាក្រក់។ នេះបើតាម​​ការ​ចេញ​ផ្សាយ​នៅមុននេះបន្តិច​ដោយសារព័ត៌មាន​រុស្ស៊ី RT នាព្រឹកថ្ងៃចន្ទ​ ទី១៦ ខែមករា ឆ្នាំ២០១៧។

អ្នកជិះនៅលើយន្តហោះទាំងអស់មានចំនួន ០៤នាក់រួមទាំងពីឡុត ហើយក្នុងនោះមានតែម្នាក់ប៉ុណ្ណោះដែល​នៅរស់រាន ខណៈមនុស្សស្លាប់ ២៩នាក់ផ្សេងទៀតគឺជាប្រជាជនដែលត្រូវយន្តហោះធ្លាក់ចំ។ យន្តហោះ​ខាងលើនេះជាប្រភេទ Boeing 747-400 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតួកគី បានហោះហើរ​ពី​​ទីក្រុងហុងកុង រួចក៏ព្យាយាម​ចុះចតនៅ​កៀហ្ស៊ីស៊ីស្ថាន ប៉ុន្តែមិនបានសម្រេចក៏បានធ្លាក់ និងផ្ទុះឆេះខ្ទេច​នៅក្បែរព្រលាន​យន្តហោះ Manas តែម្តង។

ក្រោយពីកើតហេតុភ្លាមៗ អាជ្ញាធរអាកាសចរណ៍កៀហ្ស៊ីស៊ីស្ថាន បានបញ្ជាឲ្យផ្អាកជើងហោះហើរទាំងអស់ ដែលមានគោលដៅចេញ និងចូលព្រលានយន្តហោះ Manas។ បន្ថែមពីនេះលំនៅឋានទាំងតូចទាំងធំ របស់ប្រជាជននៅតំបន់នោះ​សរុប ១៥ខ្នង ត្រូវបានយន្តហោះតួកគីកម្ទេចទាំងស្រុង៕