(សេអ៊ូល)៖ ​ការស៊ើបអង្កេត​របស់ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ទៅលើ​មូលហេតុ​ដែលបាន​បណ្តាលឲ្យ​ស្មាតហ្វូន Galaxy Note 7 ជា​ច្រើន​​គ្រឿង​​​មាន​​បញ្ហា​នោះ ជាចុង​បញ្ចប់បាន​បញ្ជាក់ថា «ថ្មនៃទូរស័ព្ទដៃនេះ» គឺជាមូលហេតុចម្បងនៃបញ្ហាទាំងអស់រហូតដល់មានផ្អាក​ការលក់​​ទាំងស្រុង។ នេះបើ​តាមការ​​​បង្ហើប​ឲ្យ​ដឹង​​​របស់​​​ប្រភព​​​​​​ជិត​​ស្និទ្ធ​​​​នឹងរឿងនេះ ដែលចេញ​​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុន​នេះបន្តិច​នាព្រឹក​ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ប្រភព​ដែលសុំ​បដិសេធមិន​បញ្ចេញ​អត្តសញ្ញាណ​បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន​​ដែល​ជា​​ម្ចាស់​នៃ​ម៉ូ​ដែល​​ស្មាត​ហ្វូន​​​ដ៏​ល្បី​ល្បាញ​​នៅ​លើ​​ពិភព​លោក​​មួយ​នេះ ទំនងជា​នឹង​ប្រកាសអំពីលទ្ធផល​ដែល​បាន​រកឃើញ​ពី​ការស៊ើប​អង្កេត​នៅថ្ងៃទី២៣ ខែមករា ពោល​គឺ​វា​នឹង​ត្រូវ​ធើ្វ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​​ក្រុម​​ហ៊ុន​​ចេញ​​សេចក្តី​ប្រកាស​អំពី​​ព័ត៌​មាន​​លម្អិត​ស្តីពីប្រាក់ចំណូល​ ដែលរកបាននៅត្រីមាសទីបួននៃឆ្នាំ២០១៦។ ​

ម៉្យាង​វិញទៀត Samsung ក៏នឹងបង្ហាញឲ្យដឹងពីចំណាត់ការថ្មី ដែលក្រុមហ៊ុន​កំពុងតែអនុវត្តន៍​ដើម្បីជៀស​វាងការកើត​មានឡើង​នូវបញ្ហា​ផ្នែកសុវត្ថិ​ភាព​ផលិតផល​ជាដដែលៗ​ម្តងទៀត​នោះ​ឡើយ នៅក្នុង​ឧបករណ៍​​នានា​ដែល​ជាពិសេសនោះ​គឺស្មាតហ្វូន ​របស់ក្រុមហ៊ុន​​តែម្តង​​​នា​ពេល​​អនាគត។

ក្រោយពេល​ដែលបានជួបប្រទះ​នឹងបញ្ហា Samsung ​បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បី​ធ្វើ​យ៉ាង​​ណា​ធា​នា​​ឲ្យ​អតិ​ថិជន​​មាន​ទំនុក​ចិត្ត​ថា​ ផលិតផលរបស់ក្រុមហ៊ុននៅតែមានសុវត្ថិភាពនៅមុខ​ពេល​ការ​ចេញនូវទូរស័ព្ទ​ដៃ Galaxy S8 ​ជាស្មាត​ហ្វូន​​ស៊េរីថ្មី ដែលត្រូវ​បានគេរំពឹងថា​ នឹងធ្វើឡើង​នាពេល​ណាមួយ​ក្នុង ០៦ខែដំបូងនៃ​ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា យោងតាមអ្នកវិនិយោគទុន និងអ្នកវិភាគជាច្រើនរូប វាគឺជារឿងសំខាន់បំផុតចំពោះក្រុមហ៊ុន Samsung ក្នុងការផ្តល់នូវការ​ពន្យល់​ឲ្យ​បានលម្អិត និងគួរឲ្យជឿជាក់បាន​អំពីអ្វីដែល​បានបង្ក​បញ្ហា​យ៉ាង​ពិត​ប្រាកដ​ចំពោះ​ស្មាតហ្វូន Galaxy Note 7 និងអំពីវិធី​សាស្រ្ត​របស់ក្រុមហ៊ុន​​ដែលនឹងទប់ស្កាត់​បញ្ហាបែបនេះ​ មិនឲ្យកើតមាន​ឡើងសាជាថ្មីម្តង​ទៀតនាពេល​អនាគត៕​