(វ៉ាស៊ីនតោន)៖ រថយន្តលីម៉ូ (Limousine) សម្រាប់ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក ដូណាល់ ត្រាំ នឹង​បង្ហាញ​វត្ត​​មាន​​ឲ្យ​ពិភព​​លោក​​បាន​ឃើញ​ជា​លើក​ដំបូង​នៅ​ថ្ងៃទី២០ ខែមករាខាងមុខនេះ ពោលគឺ​ជា​ពេល​ដែលរូប​លោក​​​ធ្វើ​​ការ​​ស្បថ​​ចូលកាន់​តំណែង​​ជា​ផ្លូវ​​ការ​ ហើយរថយន្ត​​ប្រធានាធិបតី​​សហរដ្ឋអាមេរិកដែល​អាចហៅថា «The Beast» ជំនាន់ថ្មីនេះ​ត្រូវបានគេរំពឹងថា​នឹង​​មាន​​​ភ្ជាប់​​​មក​​ជាមួយ​​នូវ​​​លក្ខណៈ​​​ពិសេសៗ​​អស្ចារ្យ​​ជាង​មុន​​ទៅ​ទៀត​។ នេះបើតាមការដកស្រង់ការ​ចេញផ្សាយពីសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ដោយឡែក​ព័ត៌មានលម្អិត​ជាក់ច្បាស់​អំពីលក្ខណៈ​ពិសេសបន្ថែម​ ទៅលើរថយន្តដ៏ទំនើប និងរឹងមាំបំផុត​ដូចជារថពាស​​ដែក​​នេះ មិន​ត្រូវ​បាន​លាតត្រដាងឲ្យ​សាធារណជន​បានដឹង​និងបានឃើញ​ឡើយ ដោយវា​ត្រូវបាន​បិទបាំង​យ៉ាងដិត​ដល់បំផុត​ដើម្បី​លាក់​​លក្ខណៈ​ពិសេសៗ​ទាំងនោះ ក៏ប៉ុន្តែ​រថយន្ត​សម្រាប់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​មហា​អំណាច​មួយនេះ ត្រូវបានគេសង្ស័យថានឹងមានរូបរាង​មិនខុស​​ប្លែកឆ្ងាយ​ពី​រថយន្ត​ប្រធានាធិបតី​អាមេរិកពីមុនៗ​ប៉ុន្មាននោះទេ។

ចំណែកម៉ូដែល​រថយន្ត «The Beast» បច្ចុប្បន្ន​ដែលកំពុងត្រូវបានប្រើប្រាស់​ដោយ​លោក បារ៉ាក់ អូបាម៉ា វិញមាន​បំពាក់នូវអាវុធ​ទំនើបៗ​​ជា​ច្រើនរួមមាន ​កន្លែងបាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក កាំភ្លើងមួយដើម កញ្ចប់ផ្ទុក​ប្រភេទ​ឈាម​របស់​លោក​ប្រធានាធិបតី ​និងបំពង់ស្តុកខ្យល់​អុក​ស៊ី​​សែនដែលចាំបាច់​ក្នុងករណី​គ្រោះអាសន្ន​ណាមួយ។

បន្ថែមពីនេះវា​ត្រូវបានបំពាក់ដោយបន្ទះដែកថែប​នៅពីខាងក្រោម ​ដែលមាន​សមត្ថ​ភាព​ការពារ​អ្នកជិះ​​ក្នុង​រថយន្តពី​គ្រាប់​​បែក​បង្កៃ​​នៅ​តាម​​ដងវិថី ហើយតួរថយន្តទាំងមូល​​មាន​កម្រាស់​​ប្រមាណ​ ២០សង់​ទីម៉ែត្រនិង​ទម្ងន់​០៨​តោន​ ជាមួយទ្វារ​ព្រម​ទាំង​កញ្ចក់​​នា​​នា​​ត្រូវ​​​បាន​​ការ​​ពារ​មិន​ឲ្យគ្រាប់កាំភ្លើងបាញ់ធ្លុះនោះឡើយ ខណៈ​ផ្ទៃ​ខាង​ក្នុង​នៃ​រថ​យន្ត​ទាំង​មូល​ត្រូវ​បាន​បិទយ៉ាង​​ជិតឥតចន្លោះ​​ផង​ដែរ​ ដើម្បី​ការ​ពារ​​ពី​ការ​វាយ​ប្រហារ​​ដោយ​​អាវុធ​គីមី។ ​

ម៉្យាងវិញទៀត​រថយន្ត​នេះ​​ក៏​មាន​បំពាក់​នូវ​​កា​មេ​រ៉ា​សម្រាប់​មើល​ពេលយប់ ឧបករណ៍តាមដាន GPS និងប្រព័ន្ធទំនាក់ទំនង​ផ្កាយរណប​​ថែម​​ទៀត​ផង ដើម្បីអនុញ្ញាត​ឲ្យវាអាច​ដំណើរ​​ការ​បាន​នៅ​គ្រប់​​លក្ខខណ្ឌ​និងស្ថានភាពទាំងអស់ និងដើម្បីធានាថា​លោកប្រធានាធិបតី​​ស្ថិត​ក្នុងការ​ទាក់​ទង​​បានជានិច្ច។ រីឯធុងសាំងរបស់​​រថយន្តនេះ​ត្រូវបាន​ស្រោបដោយ​លោហៈ​ធាតុ​ការពារយ៉ាង​រឹងមាំ​បំផុត​ និងមាន​ផ្ទុកនូវ​សារធាតុ​​ម៉្យាង​ដែលនឹង​ពង្រីកខ្លួន​នៅពេល​មានការប៉ះទង្គិច​ណាមួយ​មិនថាតិច​ ឬខ្លាំងនោះឡើយ ដែលប្រការ​ហេតុនេះ​នឹងការពារ​វាពុំឲ្យផ្ទុះ​ឆេះបាន​។​ ជាមួយ​គ្នានេះ​ដែរកង់ទាំងបួន​របស់រថយន្តត្រូវ​បានទ្រាប់​ដោយ​សរសៃ​​ក្រណាត់ (Kelvar) ដ៏ធន់បំផុតដើម្បី​ការពារពួកវា​ពីការផ្ទុះបែក ហើយ​បើសិនជានៅតែបែកទៀត​នោះ រថយន្តនេះក៏នៅតែអាចបន្តដំណើរបាន ដោយប្រើប្រាស់ផ្នែកលោហៈដ៏រឹងមាំរបស់ខ្នងកង់ទាំងនោះបាន​ដែរ​។

គួរបញ្ជាក់ថារថយន្តលីម៉ូ Cadillac One របស់​អនាគត​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ នឹងត្រូវយក​ទៅប្រើប្រាស់​ជំនួសរថយន្ត​ចាស់ៗ​មានរូបរៀង​ដូចគ្នាបេះបិទ​​ចំនួនប្រហែល ១២គ្រឿង​ដែលលោក បារ៉ាក់ អូបាម៉ា បាន​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ២០០៩មក ខណៈ​ក្រុម​ហ៊ុន G​eneral Motor ទទួលបានប្រាក់ចំនួន​ ១៥លានដុល្លារ​ដើម្បីធ្វើការអភិវឌ្ឍ​រថយន្តប្រធានាធិបតី​ជំនាន់ថ្មី​នេះ៕