(ហ្វីលីពីន)៖ ក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ដ៏មានឥទ្ធិពល​នៅ​ភាគខាងត្បូង​​ប្រទេស​ហ្វីលីពីន ទើបតែ​ធ្វើការ​ដោះលែង​ចំណាប់ខ្មាំង​ជាអ្នកបើកបរ​នាវាជនជាតិ​កូរ៉េខាងត្បូង និងកម្មករ​ជនជាតិ​ហ្វីលីពីន​ម្នាក់​​ទៀត​នៅថ្ងៃសៅរ៍នេះ ក្រោយពី​បានចាប់ខ្លួន​ទៅអស់​រយៈពេល​បីខែមកហើយ​ពីនាវាដឹក​ទំនិញ​របស់ពួកគេ។ នេះ​បើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នារសៀល​ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។

កាពីទែននាវា​ជនជាតិ​កូរ៉េខាងត្បូង​លោក Park Chul-hong និងកម្មករ​ឈ្មោះ Glenn Alindajao ត្រូវបាន​ប្រគល់​មកឲ្យអាជ្ញាធរ​ហ្វីលីពីនវិញ​ស្ថិតនៅ​ក្នុងក្រុង Jolo នៃខេត្ត Sulu ភាគខាងត្បូង​ប្រទេស។ គួរបញ្ជាក់ថា ទោះបីជា​ត្រូវបាន​ដោះលែង​ពិតមែន ក៏ពួកគេ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើការ​ឆ្លើយឆ្លង​ជាមួយ​អ្នក​សារព័ត៌មាននានា​ឡើយ ដោយប៉ូលិស​ហ្វីលីពីន​ត្រូវធ្វើការ​សាកសួរ​ជាមុន ខណៈដែល​ជនជាតិ​​កូរ៉េខាងត្បូង​ខាងលើ​បានយក​ក្រណាត់បាំងមុខ​ជិត ហាក់ដូចជាមានការភ័យព្រួយ​រឿងអ្វី​ម្យ៉ាង៕