(វ៉ាស៊ីនតោន)៖ ខណៈកាន់​តែជិតដល់​ពេលចាកចេញ​ពីតំណែង​មែនទែន​ហើយនោះ ​លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃសុក្រ​ម្សិលមិញ​បានធ្វើ​ឲ្យអនុប្រធានាធិបតី​របស់​លោក គឺលោក ចូ បៃឌិន (Joe Biden) មានការ​ភ្ញាក់ផ្អើល​ និង​រំជួល​ចិត្ត​​ជា​ខ្លាំង​​រហូត​​ដល់​ស្រក់​​ទឹក​ភ្នែក​រលីង​រលោង ​បន្ទាប់ពី​​ទទួល​​បាន​មេដាយ​​កិត្តិ​យស​​ដ៏​ខ្ពង់​ខ្ពស់ «Presidential Medal of Freedom» ពីសំណាក់​​លោក​​ប្រធានាធិបតី​​​នៅ​ឯ​​សេត​វិមាន​​សម្រាប់​​ការ​​បំពេញ​​​​កាតព្វ​​​កិច្ច​​​​យ៉ាង​​ខ្ជាប់​ខ្ជួន​​​ ក៏​ដូច​ជា​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​ប្រែង​​​​ក្នុង​ការ​​បម្រើ​​​​ប្រទេស​​ជាតិ​។ នេះ​បើ​តាមដកស្រង់​ចេញ​ពី​សារព័ត៌មាន​រុស្ស៊ី Sputnik ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងដូច្នេះថា «សម្រាប់ជំនឿ​ចិត្ត​របស់អ្នក​ទៅលើជន​រួមជាតិ​អាមេរិក, សម្រាប់​សេចក្តី​ស្រឡាញ់​របស់អ្នក​ចំពោះ​ប្រទេស, និងសម្រាប់​ការ​បំពេញ​កាតព្វ​កិច្ច​ជូនជាតិ​ដោយ​មិនខ្លាច​នឿយហត់​របស់អ្នក​ ដែលនឹង​បន្តស្ថិតស្ថេរ​ជារៀង​រហូត​នៅគ្រប់​ជំនាន់​នាពេល​អនាគត​.... សម្រាប់​ពេលវេលា​ចុងក្រោយ​ក្នុងនាមជា​ប្រធានាធិបតី ខ្ញុំរីករាយ​យ៉ាងក្រៃលែង​ដើម្បី​ប្រគល់​​ជូន​​អ្នក​នូវ​មេដាយ​កិត្តិយស Presidential Medal of Freedom ដ៏ខ្ពង់ខ្ពស់»។  

នៅក្នុង​ឱកាស​នោះ​លោក បារ៉ាក់ អូបាម៉ា បានធ្វើ​ការកោត​សរសើរ​លោក ចូ បៃឌិន ថាជាបុរស​មិនធម្មតា​ម្នាក់​ជាមួយ​និងអាជីព​​ដ៏​អស្ចារ្យ​​នៅ​ក្នុងការ​បម្រើប្រទេស​​ជាតិ ហើយលោក​ប្រធានាធិបតី​អាមេរិក​បានហៅ​លោក បៃឌិន ថា «អនុប្រធានាធិបតី​ដ៏ល្អបំផុត» របស់​សហរដ្ឋ​អាមេរិក​​។ បន្ថែមពីនេះ​លោក អូបាម៉ា ក៏បានធ្វើ​ការគូសបញ្ជាក់​អំពីកិច្ចខិតខំប្រឹងប្រែង​សំខាន់ៗ​មួយចំនួន​របស់លោក បៃឌិន រួមមាន​ការធ្វើឲ្យ​ការសិក្សា​នៅ​មហា​​​វិទ្យា​​​ល័យ​​អាមេរិក​​ប្រើប្រាស់​ការចំណាយ​សមរម្យ​ជាងមុន, ការ​ជួយឲ្យ​ឧស្សហកម្មអាមេរិក​មានសន្ទុះ​ឡើងវិញ, ការ​ប្រយុទ្ធ​​តទល់​​នឹង​ការ​ប្រើ​​អំពើហិង្សា​ដោយ​​​អាវុធ​​នៅ​សហរដ្ឋ​អាមេរិក, និងការគាំទ្រ​ចំពោះ​ការសិក្សាស្រាវជ្រាវ​ទៅលើ​ជំងឺ​មហារីក។

គួរបញ្ជាក់ថា​មេដាយ​កិត្តិយស «​Presidential Medal of Freedom» គឺជាពាន​រង្វាន់បញ្ជាក់​ពី​ការទទួល​ស្គាល់​ចំពោះបុគ្គល​ណាម្នាក់ ដែល​​បាន​​ចូល​រួមចំណែក​ធំធេង​ដើម្បីផល​ប្រយោជន៍ជាតិ​ ក៏ដូចជាសន្តិសុខ​នៃសហរដ្ឋ​អាមេរិក, ការ​បង្កើតសន្តិភាព​សម្រាប់​ពិភពលោក, និងបុព្វហេតុ​សំខាន់ៗ​ដទៃ​ផ្សេង​ទៀត៕