(​ឡុងដ៏)៖ ស្ថាបនិកគេហទំព័រ Wikileaks ​លោក ជូលីយៀន អាសសាង (Julian Assange) ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងស្ថានទូតអេក្វាឌ័រ ប្រចំាទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បាននិយាយថា ត្រៀមខ្លួនហើយ ក្នុងការទទួលយកការធ្វើបត្យាប័នរូប​លោកទៅកាន់សហរដ្ឋអាមេរិក ជាថ្នូរនឹង ការដោះលែងអតីត​កងទ័ពអាមេរិកម្នាក់ឈ្មោះ ឆែលស៊ី មែននីង (Chelsea Manning) ដែលជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ម្នាក់ដល់ Wikileaks។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅយប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

នៅលើបណ្ដាញ Twitter ​របស់ខ្លួន ​ក្រុមការងារ Wikileaks បានអះអាងថា លោកអាសសាង យល់ព្រមទទួលយកការធ្វើបត្យាប័នទៅកាន់ សហរដ្ឋអាមេរិក បើសិនជាប្រធានាធិបតីអាមេរិកផុតអណត្តិលោក បារ៉ាក់ អូបាម៉ា​ អាចលើកលែងទោសឱ្យអតីតកងទ័ពអាមេរិក លោក ឆែលស៊ី មែននីង ដែលត្រូវបានតុលាការអាមេរិក ផ្ដន្ទាទោសកាលពីខែសីហា ឆ្នាំ២០១៣ ពីបទបញ្ជូនព័ត៌មាន ឬឯកសារសម្ងាត់ជាង ៧០០០០០ ឱ្យទៅ Wikileaks​។

គួរបញ្ជាក់ថា លោក ជូលីយៀន អាសសាង មានអាយុ៤៥ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលី បានរស់នៅនិរទេសខ្លួនក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៏ ចាប់តាំងពីឆ្នាំ២០១២ ដើម្បីជៀសវាងការធ្វើបត្យាប័ន​បញ្ជូនទៅកាន់ប្រទេសស៊ុយអែត ជាទីដែលលោកត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប៉ុន្តែលោកបានបដិសេធ។ ចំណែកឯសហរដ្ឋអាមេរិក ក៏មិនទាន់ឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់លោកនៅពេលនេះដែរ៕