(ម៉ានីល)៖ នាថ្ងៃទីពីរ​និងជាថ្ងៃចុង​ក្រោយនៃ​ដំណើរបំពេញ​ទស្សនកិច្ច ​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន​មកកាន់​ហ្វីលីពីន​មេដឹកនាំ​ទាំងពីរ​​បាន​បង្ហាញ​ពី​ភាពស្និទ្ធ​​ស្នាល​​រវាងគ្នា​នឹង​គ្នា​បំផុត​ដោយ លោក ស៊ីនហ្សូ អាបេ បាន​ចំណាយ​​​ពេល​​មួយព្រឹក​​ដើម្បី​​ស្រស់​ស្រូប​​អាហារ​​​នៅគេហឋាន​​​ ដែល​​មាន​​​​លក្ខណៈ​​យ៉ាង​សាមញ្ញ​របស់​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុង​ទីក្រុង​ដាវ៉ៅ (Davao) ជា​ស្រុកកំណើត​​របស់​លោកតែម្តង។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ​ Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ​២០១៧។

នៅថ្ងៃសុក្រនេះលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានភ្លក្ស​រសជាតិ​ស៊ុប​សណ្តែក​ និងនំអង្ករ​ដែល​ជា​អាហារ​​ពេល​ព្រឹក​​សំណព្វ​​​ចិត្ត​​​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន និងត្រូវបានគេនាំ​ឲ្យដើរ​ទស្សនា​ក្នុងលំនៅឋាន​កម្ពស់​ពីរ​ជាន់​​ដ៏​សាមញ្ញ​​របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ដូចជា​បន្ទប់​គេង​​​​ដែល​មាន​មុង​​ការ​ពារ​ពីសត្វមូសចង្រៃដែល​ លោក ឌូតឺតេ តែងតែសម្រាន្ត​នៅពីក្នុងមុងនេះ​ជារៀង​រាល់​ចុងសប្តាហ៍​​នៅពេល​ដែល​លោក​​ធ្វើ​ដំណើរទៅ​កាន់​ទីក្រុង​ដាវ៉ៅផងដែរ។

គួរបញ្ជាក់ថា​ជីវិតរស់​នៅដ៏​សាមញ្ញ​របស់​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គឺជាកត្តា​ដ៏សំខាន់​មួយ​ដែលបានជំរុញ​ឲ្យរូប​លោក​យក​ឈ្នះ​ទឹកចិត្ត​ប្រជាជន​ហ្វីលីពីន​រាប់លាននាក់​ ដែល​កាល​ពី​ខែឧសភា ឆ្នាំ២០១៦កន្លង​ទៅ ពួកគេ​បាន​សម្រេច​បោះឆ្នោត​ជ្រើសរើស​អតីតអភិបាល​ក្រុង​ដា​វ៉ៅ​​រូប​នេះ ​​ឲ្យធ្វើ​ជា​ប្រធានាធិបតី​របស់​ពួកគេ ហើយ​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ គឺជា​មេដឹកនាំ​បរទេស​ដំបូង​គេ​បង្អស់​ដែល​បាន​​ធ្វើ​ដំណើរ​មកជួប​លោក ឌូតឺតេ ដល់ប្រទេស​ដែល​ប្រការ​នេះ​បាន​ស្តែង​ឲ្យ​ឃើញ​ពី​​សារៈសំខាន់​​របស់​ជប៉ុន​ ក្នុងនាមជាដៃគូពាណិជ្ជកម្ម​ និងជាអ្នក​ផ្តល់ជំនួយ​ដ៏ជិតស្និទ្ធ​បំផុតមួយ​របស់​ហ្វីលីពីន៕