(ហាណូយ)៖ រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម នឹងប្រគល់​រង្វាន់ជា​សាច់ប្រាក់​សរុបចំនួន​ ៣០០,០០០ដុល្លារ​សហរដ្ឋ​អា​មេ​រិក​ ដល់ក្រុមហ៊ុន​ពិគ្រោះ​យោបល់ផ្នែករចនា​ប្លង់ទាំង​ឡាយ​ណា ដែលមាន​គំនិតច្នៃប្រឌិត​ខ្ពស់​អាចរិះរក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ​ដើម្បីជួយសម្រួល​ការកកស្ទះ​ចរាចរណ៍​នៅក្នុងទីក្រុង​ ដែលសម្បូរ​ទៅដោយ​ប្រជាជន​រស់នៅយ៉ាង​ណែនតាន់​តាប់នេះ។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

អាជ្ញាធរទីក្រុងហាណូយ​​ទើបតែបាន​ចាប់ផ្តើម​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​មួយ​ស្តីពី​គំរោង​គមនាគមន៍​ និងមធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍​នៅក្នុងរដ្ឋធានី​នៃប្រទេស​វៀតណាម​នេះ​រហូតដល់​ឆ្នាំ២០២៥ ជាមួយ​និង​ទស្សនវិស័យ​ដែលអាច​បន្ត​ឈាន​ដល់​ឆ្នាំ២០៣០។ រង្វាន់ចំណាត់​ថ្នាក់​លេខ​មួយ​នឹងមានតម្លៃ​ជាទឹក​ប្រាក់​ចំនួន ២០០,០០០ដុល្លារ ខណៈជ័យលាភី​លេខពីរនឹងទទួលបានរង្វាន់ ១០០,០០០ដុល្លារ។

ជាមួយគ្នានេះដែល​សមាសភាព​ដែលនឹងទទួល​សិទ្ធិ​ ក្នុងការ​ចូលរួមប្រកួតប្រជែងនឹង​ត្រូវ​​ជ្រើសរើសដោយ​អាស្រ័យ​ទៅលើ​​សមត្ថ​ភាព, បទពិសោធន៍, និងភាព​ដែលគួរឲ្យទុក​ចិត្តបាន​របស់ពួកគេ ហើយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ផ្នែក​រចនាទាំងជាតិ​ និងអន្តរជាតិ​អាច​ធ្វើការដាក់​ពាក្យ​បានចាប់​ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ សម្រាប់​ជុំដំបូង ដោយ​ក្រុមប្រឹក្សាភិបាល​ទទួល​បន្ទុក​កិច្ចការនេះ​​នឹង​ធ្វើការសម្រិត​សម្រាំង​​​យក​ដំណោះស្រាយ​ណា​ដែលល្អជាងគេ​បំផុតចំនួនប្រាំ ហើយចាប់ផ្តើម​អភិវឌ្ឍន៍​ដំណោ​ស្រាយ​បញ្ហាចរាចរណ៍ដែលនឹង​ត្រូវបញ្ជូន​ទៅកាន់​នាយកដ្ឋាន​ដឹកជញ្ជូន ​នៃទីក្រុង​ហាណូយ​នា​ថ្ងៃទី២៧ ខែមករា។

បន្ទាប់មកទៀត​នៅចន្លោះ​ថ្ងៃទី២៧ និង ថ្ងៃទី១០ ខែឧសភា បេក្ខភាព​ដែលត្រូវ​បានសម្រាំង​យក​ទាំងប៉ុន្មាន​នឹងត្រូវធ្វើការពន្យល់​ព្រមទាំង​ការ​ពារ​គំរោង​របស់ពួកគេ​រៀងៗ​ខ្លួន ខណៈជ័យលាភី​ត្រូវរំពឹងថា​នឹងប្រកាសឲ្យ​ដឹងនៅល្ងាច​ថ្ងៃទី២៥ ខែឧសភា។ ដោយឡែក​ក្រៅ​ពីរង្វាន់លេខ​មួយនិងលេខពីរ បេក្ខភាព​ចំនួនទាំងបី​ផ្សេងទៀត​ក៏នឹងទទួលបាន​ថវិកា​ឧបត្ថម្ភចំនួន​ ២៥,០០០ដុល្លារសហរដ្ឋអាមេរិកផងដែរ៕