(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងព្រះរាជអគ្គមហេសី មីឈីកុ ​នឹង​​យាងទៅ​បំពេញ​ទស្សនកិច្ច​នៅឯ​ប្រទេសថៃ​​ រួម​និងប្រទេស​វៀតណាម​នៅរដូវស្លឹក​ឈើជ្រុះ (និទាឃរដូវ) ក្នុងចន្លោះខែកុម្ភៈ និងខែមីនា ក្នុងឆ្នាំ២០១៧នេះ។ នេះបើ​តាម​សម្តីអ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​លោក Yoshihide Suga បាន​ថ្លែង​ឲ្យដឹង​ថា ទ្រង់ទាំង​ពីរ​​កំពុង​រៀបចំ​គំរោង​បំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមជាមុន រួចសឹមយាងបន្តទៅកាន់ប្រទេសថៃ​ ​ក្នុងគោលបំណង​ចូល​សម្តែង​ការគោរព​ព្រះវិញ្ញាណក្ខន្ធ​​អតីតព្រះមហាក្សត្រ​ថៃ​ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបាន​សោយ​ទិវង្គតកាល​ពី​ថ្ងៃទី១៣​ ខែ​តុលា ឆ្នាំ២០១៦ ដោយសារតែ​ចំណងមិត្តភាព​រវាងទ្រង់ទាំងពីរ​ព្រះអង្គ និង​ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានបន្ត​មក​អស់រយៈពេល​ដល់ទៅជាង​​កន្លះសតវត្សរ៍ហើយ​ព្រះចៅ​អធិរាជ​ និងព្រះអគ្គមហេសី​​ក៏​ធ្លាប់បាន​យាង​ទៅកាន់ប្រទេសថៃ​ជាញឹកញាប់ផងដែរ។

យោងតាម​ប្រភព​ដែលជិត​ស្និទ្ធ​នឹងរឿងនេះឲ្យដឹងទៀតថា ព្រះចៅ អាគីហ៊ីតុ និងព្រះមហេសី មីឈីកុ ទំនងជា​នឹងយាងទៅកាន់​ប្រទេសវៀតណាម​​ក្នុង​រយៈ​ពេល​​ប្រហែល​មួយ​សប្តាហ៍​​នៅ​ចុង​ខែ​កុម្ភៈ​​រហូតដល់​ដើមខែមីនា ដោយទ្រង់ទាំងពីរអង្គត្រូវបានគេរំពឹងថា​ នឹងយាង​ទៅធ្វើ​ការទស្សនា​កម្សាន្តទីក្រុង​បុរាណ​ Hue ដែលស្ថិតនៅ​ភាគកណ្តាល​ប្រទេស​វៀតណាម ក៏ដូចជារដ្ឋធានី​ហាណូយ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលឆាប់ៗខាងមុខនេះ គឺជាការយាង​ធ្វើដំណើរ​ឆ្លងប្រទេស​លើក​ទីមួយ​សម្រាប់​ព្រះចៅអធិរាជ ​ដែល​មាន​​ព្រះជន្ម​ ៨៣ព្រះវស្សា និងព្រះអគ្គម​ហេសី​ដែលមាន​ព្រះជន្ម​ ៨២ព្រះវស្សា​ទាំងពីរអង្គនេះ​គិតចាប់តាំង​ពី​ខែមករា ឆ្នាំ២០១៦ នៅពេល​ដែលទ្រង់​​ទាំងពីរ​ព្រះអង្គបានយាង​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដើម្បីរំលឹក​វិញ្ញាណក្ខន្ធ​ដល់អ្នក​ដែលបាន​ពលីជីវិត​នៅក្នុង​សង្រា្គមលោក​លើក​ទីពីរ៕