(​ឌូបៃ)៖ អាជ្ញាធរ អេមីរ៉ាត់ អារ៉ាប់រួម (United Arab Emirates) បានឱ្យដឹងថា​​មន្ត្រីទូត​របស់ខ្លួន ០៥នាក់ បានស្លាប់នៅ​ក្នុង​ការ​វាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​នៅថ្ងៃអង្គារម្សិលមិញ​ក្នុង​ទីក្រុង Kandahar ប្រទេស​អាហ្វហ្គានីស្ថាន ខណៈក្រុម​សកម្មប្រយុទ្ធ​តាលីបង់​បានចេញមុខ​​បដិសេធថា​ ខ្លួនមិនមានជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នេះទេ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន ABC News​ នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​នៅក្នុងតំបន់​ការវាយប្រហារនេះ ធ្វើឡើង​នៅចំពេល​ដែលក្រុម​មន្ត្រីជាន់ខ្ពស់​អាហ្វហ្គានីស្ថាន​ជាច្រើននាក់​កំពុងជួប ប្រជុំគ្នា​ជាមួយមន្ត្រី​ទូតមកពី​ស្ថានទូត អេមីរ៉ាត់ អារ៉ាប់រួម។ ទន្ទឹមគ្នា​នោះដែរ​ពុំទាន់មានក្រុមណា​មួយ​ចេញមុខ​ទទួលខុសត្រូវ​នៅ​ឡើយទេ ស្របពេល​ក្រុមឧទ្ទាម​តាលីបង់​បាន​ចេញ​​មុខបដិសេធ​ទទួលខុសត្រូវ​ដោយអះអាងថា ការវាយប្រហារនេះ​គឺជាលទ្ធផលនៃ​ជម្លោះនៅក្នុងតំបន់។​

គួរបញ្ជាក់ថានៅថ្ងៃអង្គារម្សិលមិញ ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នា ក៏បាន​កើត​ឡើង​ផងដែរ​នៅក្បែរ​ការិយាល័យ​ឧបសម្ព័ន្ធ​នៃសភា​អាហ្វហ្គានីស្ថាន​ក្នុងរដ្ឋធានីកាប៊ូល ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ ៣០នាក់និងជាច្រើននាក់​ផ្សេងទៀត​បានរង​របួស ហើយភ្លាមៗ​នោះដែរក្រុមឧទ្ទាម​តាលីបង់​បានអះអាង​ថា ខ្លួនជា​អ្នកនៅ​ពី​ក្រោយការ​វាយប្រហារ​ដ៏អាក្រក់នេះ៕