(ម៉ានីល)៖ ប្រទេស​ហ្វីលីពីន​មានបំណង​ចង់ដាក់ឲ្យអនុវត្តន៍នូវ​ច្បាប់អាជ្ញាសឹកឡើងវិញ ដូចកាលពី​សម័យ​មេដឹកនាំ​ផ្តាច់ការលោក Ferdinand Marcos ប៉ុន្តែប្រជាជន​ហ្វីលីពីនភាគច្រើន​​បានជំទាស់​ដោយពួកគេ​យល់ឃើញថា​ វាពុំមានភាពចាំបាច់នោះ​ឡើយ ក្នុងការប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​​នាពេលនេះ​ដើម្បីដោះស្រាយ​វិបត្តិ​ជាច្រើ​ន​ដែលកំពុង​កើតឡើង​នៅក្នុងប្រទេស។ នេះបើយោង​តាមការ​ស្ទង់មតិ​មួយនៅពេលថ្មីៗ​នេះ ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

ការស្ទង់មតិមួយ​ដោយវិទ្យាស្ថាន​ស្រាវជ្រាវ Pulse Asia បានឲ្យដឹងថា​ជនជាតិហ្វីលីពីន​ ៧៤ភាគរយ​ក្នុងចំណោម ១,២០០នាក់​ដែលបាន​​ចូល​រួម​​ការ​ស្ទង់​មតិ​​កាលពី​ខែ​ធ្នូ ឆ្នាំ២០១៦​​កន្លងទៅ​បានបដិសេធ​ចំពោះ​ទស្សនៈ​ដែលថា​ការអនុវត្តន៍​​ច្បាប់​អាជ្ញា​សឹក​​ឡើង​វិញ​ ​ប្រហែល​ជា​​មានសារៈសំខាន់​ក្នុងការដោះ​ស្រាយ​បញ្ហាជាច្រើន​ប្រភេទ​ដែលប្រទេស​នៅតំបន់​អាស៊ីអាគ្នេយ៍​មួយនេះ​កំពុង​ប្រឈម។

ដោយ​ឡែក​មាន​ត្រឹមតែប្រជាជន ១២ភាគរយប៉ុណ្ណោះ​​​ ដែលបានយល់​ស្រប​ចំពោះភាព​ចាំបាច់​នៃច្បាប់​អាជ្ញាសឹក​នៅក្នុងប្រទេស​នាពេល​បច្ចុប្បន្ន ខណៈ​ប្រជាជន​ហ្វីលីពីន​ ១៤ភាគរយ​ផ្សេងទៀត​បានបង្ហាញពី​ការរួញរា​ចំពោះ​បញ្ហានេះ។

វិទ្យាស្ថានខាងលើបានបញ្ជាក់ទៀតថា «​ការស្ទង់មតិនេះគឺជា​ការ​ស្តែងឲ្យឃើញជារួម​ពីទស្សនៈ​របស់មនុស្ស​គ្រប់​ជាន់​ថ្នាក់​​មិនថា​តូច​​ឬ​ធំ ​ទាំង​ប្រុស​និងស្រី ​ដែល​ស្ថិត​នៅ​គ្រប់ក្រុម​អាយុទាំងអស់​ហើយរស់នៅ​គ្រប់តំបន់​ទូទាំង​ប្រទេស​ហ្វីលីពីន ខណៈការ​ជំទាស់ភាគច្រើន​គឺនៅក្នុង​ចំណោម​អ្នករស់នៅ​ក្នុងរដ្ឋធានី​ម៉ានីល»

គួរបញ្ជាក់ថា​អតីតមេដឹកនាំ​ផ្តាច់ការហ្វីលីពីន​លោក​ប្រធានាធិបតី Ferdinand Marcos បានដាក់​ចេញនូវការអនុវត្តន៍​ច្បាប់​អាជ្ញាសឹក​កាលពី​​ខែកញ្ញា ឆ្នាំ១៩៧២ ហើយ​ត្រូវបាន​បង្ខំឲ្យ​ដកចេញ​វិញកាលពី​ខែមករា ឆ្នាំ១៩៨១ បន្ទាប់ពី​បានទទួល​រងការ​រិះគន់ធ្ងន់ៗ​ពីសំណាក់​សហគម​ន៍​​អន្តរជាតិ៕