(វ៉ាស៊ីនតោន)៖ ជំនួប​ដ៏ភ្ញាក់ផ្អើល​រវាងប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋី​ចិន ជាបិតាស្ថាបនិក​ក្រុមហ៊ុន Alibaba លោក ជេក ម៉ា (Jack Ma) បានបញ្ចប់ទៅ​ប្រកបដោយ​ផ្លែផ្កា ដែលនឹង​បង្កើត​ការងារ ១លាន​កន្លែង​សម្រាប់​អាមេរិក តាមរយៈការ​អនុញ្ញាតឲ្យអ្នកធ្វើពាណិជ្ជកម្ម​ខ្នាតតូច និងមធ្យម​ធ្វើការ​នាំចេញផលិតផលទៅកាន់ប្រទេសចិន តាមច្បាប់របស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយពី វែបសាយ Business Insider នារសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

ក្រុមហ៊ុន Alibaba បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមហ៊ុន​របស់​យើងចង់បង្កើតការងារសម្រាប់អាមេរិក តាមរយៈការជួយដល់ពាណិជ្ជកម្មខ្នាតតូច និងកសិកររបស់អាមេរិក​ក្នុងការលក់ផលិតផលមកកាន់ប្រជាជនចិន​ ដែលមានចំណូលមធ្យមកម្រិតខ្ពស់​ប្រមាណ ៣០០លាននាក់»

ដោយឡែកលោក ដូណាល់ ត្រាំ បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា បន្ទាប់ពីជំនួបជាមួយលោក ជេក ម៉ា យ៉ាងដូច្នេះថា «យើងបានធ្វើការពិភាក្សាគ្នាដ៏អស្ចារ្យ។ លោក ជេក ម៉ា ជាសហគ្រិនដ៏អស្ចារ្យបំផុត ដែលជា​មនុស្សដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងពិភពលោក។ គាត់ស្រលាញ់ប្រទេសរបស់គាត់... គាត់ស្រលាញ់​ប្រទេសចិន»

សម្រាប់​លោក ជេក ម៉ា វិញ​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្រោយជំនួបជាមួយប្រធានាធិបតី​ជាប់ឆ្នោត​​អាមេរិក​យ៉ាង​ដូច្នេះ​ដែរថា «យើងទាំងពីរ​បានធ្វើការ​ពិភាក្សាគ្នា អំពីការ​អនុញ្ញាតឲ្យ​ទំនិញ​របស់​អាមេរិក ដូចជា សំលៀកបំពាក់ ស្រា និងផ្លែឈើ អាចធ្វើការ​លក់តាម​រយៈច្បាប់​ដែលបាន​កំណត់»។ បន្ថែមពីនេះ​ទៀតលោក​ ជេក ម៉ា ក៏ចង់ធ្វើឲ្យ​ទំនាក់​ទំនង​រវាង​អាមេរិក និងចិនមាន​ការវិវឌ្ឍន៍កាន់​តែប្រសើរ​ឡើងផងដែរ។

គួរបញ្ជាក់ថាក្រោយការជាប់ឆ្នោត​របស់លោក ត្រាំ ទំនាក់ទំនង​ជាមួយប្រទេស​ចិន​មិនសូវ​ជាល្អប៉ុន្មាន​នោះទេ ដោយ​លោក ត្រាំ ជារឿយៗ​តែងតែ​ចោទប្រទេស​ចិនថា​បានលួច​ការងារ​របស់​អាមេរិក តាមរយៈ​នយោបាយ​សេដ្ឋកិច្ច​ខ្សែលើ ហើយលោក​ក៏បានព្រមាន​ផងដែរថា ពេលលោក​ឡើងកាន់​អំណាច​​លោកនឹង ​ចាត់ការរឿង​នេះ​ដូចជា ​ការ​បង្កើនពន្ធ​លើផលិតនាំ​ចូលពី​ប្រទេសចិន មកកាន់​អាមេរិកជាដើម៕