(មូស្គូ)៖ ការសម្រេចចិត្ត​ពីសំណាក់​សហរដ្ឋអាមេរិក​ក្នុងការបញ្ជូន​រថក្រោះ រថពាសដែក រួមទាំងកងទ័ព ៣,៥០០នាក់​ទៅកាន់តំបន់​អឺរ៉ុបខាងកើត​នាពេលថ្មីៗ​នេះ ក្រោមហេតុ​ផលទប់ស្កាត់​ការពង្រីក​ឥទ្ធិពល​យោធា និងដើម្បី​កំញើញ​រុស្ស៊ី​អាចនឹងលើកទឹកចិត្តឱ្យ​បណ្ដាប្រទេសតូចៗ​ហ៊ានពើង​ទ្រូងដាក់​ទីក្រុងមូស្គូ ក៏ប៉ុន្តែ​វាក៏​អាចនឹង​បង្កឱ្យមាន​ជម្លោះនៅក្នុង​តំបន់ផងដែរ។ នេះបើតាមការការព្រមានពី​អ្នក​វិភាគនយោបាយ​អាមេរិកម្នាក់ ដែលចុះផ្សាយ​ដោយសារព័ត៌មាន Sputnik​​ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។​

ថ្លែងនៅក្នុងបទ​សម្ភាសន៍​ជាមួយ Sputnik​ លោក John Walsh អ្នកជំនាញខាងវិភាគនយោបាយ​អន្តរជាតិ​ និងសង្គ្រាម​បាន​និយាយថា «ការបញ្ជូន​​យោធា​​របស់សហរដ្ឋ​អាមេរិក​មិនមែនជា​វិធានាការ​ការពារ​​ដ៏មាន​ប្រសិទ្ធភាព​នោះទេ ត្បិតវា​គ្មានអ្វី​ត្រូវ​ការពារ (...) ក៏ប៉ុន្តែវា​មានបែរជាបង្កឱ្យ​មាន​ជម្លោះ​រវាង​សហរដ្ឋអាមេរិក និងរុស្ស៊ីតែប៉ុណ្ណោះ ខណៈស្ថានការណ៍​នៅក្នុងតំបន់​កំពុងតាន​តឹង​ស្រាប់។ ដូច្នេះ​បណ្ដាប្រទេស​អឺរ៉ុប គួរតែ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត ចំពោះ​ទីតាំង​របស់ខ្លួន​នៅចន្លោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ»

គួរបញ្ជាក់ថា បើតាមការពន្យល់របស់លោក John Walsh បន្ទាប់ពីឡើង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ជាផ្លូវការ​នៅថ្ងៃ​ទី២០ ខែមករា​ខាង​មុខ​នេះ លោក ដូណាល់ ត្រាំ អាចនឹង​លុប​ចោល​ផែនការដាក់ពង្រាយយោធារបស់រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ក៏ព្រោះតែលោក​បានបង្ហាញ​ជំហរ​ច្បាស់លាស់​របស់អាមេរិក ក្នុងការស្តារទំនាក់ទំនងឲ្យបានល្អឡើងវិញ​ជាមួយនឹងប្រទេស​រុស្ស៊ី ហើយ​វាក៏​ទំនង​ជាកត្តាដែលបានជំរុញឲ្យរូបលោក​ជាប់ឆ្នោត​ផងដែរ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕