(យូអិន)៖ អគ្គលេខាធិការ​ថ្មីរបស់​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres នៅថ្ងៃអង្គារ​នឹងធ្វើ​ការ​ថ្លែងសុន្ទរកថា​ជាលើក​​ដំបូង​​របស់​​រូប​លោក​​ទៅ​កាន់​​​ក្រុម​​ប្រឹក្សា​សន្តិសុខ ចាប់តាំង​ពីបាន​ឡើងកាន់​តំណែង​ជំនួស​លោក បាន គីមូន នាពេលថ្មីៗ​នេះមក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

វត្តមានផ្លូវការ​ជាលើកទីមួយ​របស់ប្រមុខ​ដឹកនាំ​កំពូល UN នៅឯក្រុមប្រឹក្សាសន្តិសុខ​ក្នុងអំឡុង​ពេល​នៃការជជែក​ដេញដោល​មួយអំពី​ការ​ទប់​ស្កាត់​ជម្លោះ​ដែលដឹកនាំ​ដោយ​លោក Margot Wallstorm រដ្ឋមន្រ្តីការបរទេសនៃប្រទេសស៊ុយអែត ដែលជាអ្នកធ្វើជាប្រធាននៃក្រុមប្រឹក្សា​នា​ខែ​នេះហើយ​សមាជិក​ក្រុម​ប្រឹក្សាសន្តិសុខ​យ៉ាងតិចចំនួន​ ០៩ក្នុងចំណោម ១៥ប្រទេស នឹងត្រូវ​បញ្ចូន​អ្នកតំណាំងមក​ចូលរួម​ត្រឹម​កំរិតជា​រដ្ឋមន្រ្តី​​ដើម្បីរង់ចាំ​ស្តាប់លោក Antonio Guterres រៀបចំ​គំរោង​​សកម្មភាព​របស់លោក​នៅក្នុង​នាមជាប្រមុខ​ដឹកនាំ​នៃអង្គការ​សហប្រជាជាតិ។

គួរបញ្ជាក់ថា​លោក Antonio Guterres បាន​ឡើង​កាន់​តំណែង​បន្តពី​លោក បាន គីមូន កាលពី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ដោយលោកបាន​ប្តេជ្ញាថា​នឹងស្វះស្វែង​ធ្វើយ៉ាង​ណា​បង្កើន​កិច្ចខិត​ខំប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​វិបត្តិ​ពិភពលោក ហើយ​បច្ចុប្បន្ន​អតីត​នាយក​រដ្ឋមន្រ្តី​ព័រទុយហ្គាល់​ និង​ធ្លាប់ជា​ឧត្តម​ស្នងការ UN ទទួល​បន្ទុក​ជនភៀស​ខ្លួន កំពុង​ប្រឈម​នឹងក្រុមប្រឹក្សា​សន្តិសុខ​ដែល​មានការបែក​​បាក់​​ផ្ទៃ​ក្នុង​យ៉ាង​ជ្រាលជ្រៅ ដោយ​មិនអាច​ចាត់វិធាន​ការប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​បញ្ចប់​សង្រ្គាម​នៅប្រទេសស៊ីរី ដែល​បានអូស​បន្លាយ​អស់​រយៈពេល​ ០៦ឆ្នាំ​ហើយ​គិត​មកទល់នឹង​ឆ្នាំ២០១៧​នេះ៕