(តូក្យូ)៖ ជប៉ុននឹង​ធ្វើការ​ តាមដាន ប្រមូល ក៏ដូចជាវិភាគ​រាល់ព័ត៌មាន​ទាំងឡាយពាក់ព័ន្ធ​នឹងការ​បាញ់​សាក​ល្បង​គ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយយកចិត្តទុកដាក់​ជាទីបំផុត​ចំពោះ​ស្ថានភាព​នៅក្នុងតំបន់​នាពេល​បច្ចុប្បន្ន។ នេះបើតាមអ្នក​នាំពាក្យរដ្ឋាភិបាលជប៉ុន ដែលចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅក្នុងសន្និសីទសារព័ត៌មាន បានថ្លែងថា រដ្ឋាភិបាលទីក្រុងតូក្យូ​នឹងប្រើប្រាស់​គ្រប់លទ្ធភាព​តាមដែល​អាចធ្វើ​ទៅបាន ដើម្បីប្រកាស​សញ្ញា​អាសន្ន និងឃ្លំា​មើលរាល់​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង។

គួរបញ្ជាក់ថាកាលពី​ថ្ងៃអាទិត្យកន្លង​ទៅ កូរ៉េខាងជើង​បានអះអាង​ថា​អាចនឹងបាញ់​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM នៅគ្រប់ពេលវេលា ​តាមបញ្ជា​លោក គីម ជុងអ៊ុន ហើយថែម​ទាំងបញ្ជាក់​ឡើងវិញ​ដែរថា នយោបាយ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក គឺជា​មូលហេតុ​ជំរុញឱ្យ​កូរ៉េខាងជើងត្រូវតែអភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ផ្លោងឱ្យ​ខានតែបាន៕