(ប៉ារីស)៖ អាជ្ញាធរបារាំង​បានឱ្យដឹង​នៅថ្ងៃចន្ទនេះថា​មនុស្ស ១៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងក្រប​ខណ្ឌ​នៃការស៊ើប​អង្កេត​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ ក្នុងអំពើ​ប្លន់​តារា​សម្ដែង​អាមេរិក​នាង Kim Kardashian នៅទីក្រុងប៉ារីស កាលពីខែតុលា ឆ្នាំ២០១៦។​ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។​

ប្រភពដដែល​បានបញ្ជាក់ទៀតថា​នាង Kim Kardashian ត្រូវបានបុរសពីរនាក់​ស្លៀកពាក់បន្លំ​ជាមន្ត្រី​ប៉ូលិស យកកាំភ្លើងភ្ជង់ប្លន់ មុននឹងចាប់ចង ហើយចាក់សោរឃុំរូបនាង នៅក្នុងបន្ទប់ទឹក នៅឯសណ្ឋាគារ​ដ៏ប្រណិត​មួយ​កន្លែងក្នុង​ទីក្រុងប៉ារីស។

គួរបញ្ជាក់ថា​ចោរប្លន់ទាំងពីរនាក់នេះ បានរត់គេចខ្លួន​ជាមួយគ្រឿង​អលង្កា​មានតំលៃ​ជាច្រើនដែលគិតទឹក​ប្រាក់​ប្រមាណ ១០លានអឺរ៉ូ ឬស្មើនឹង​ជាង ១០.៥លានដុល្លារអាមេរិក។ នាង Kim Kardashian បានធ្វើ​ដំណើរទៅកាន់​ទីក្រុង​ប៉ារីស កាលពីខែតុលា ឆ្នាំ២០១៦ ដើម្បី​ចូលរួម​ក្នុងពិធី​បង្ហាញម៉ូត Paris Fashion Week៕