(ហុងកុង)៖ អ្នកតំណាងរាស្រ្ត​ដែលមានវ័យក្មេង​ជាងគេបំផុត​នៃទីក្រុងហុងកុង​ឈ្មោះ Nathan Law បានទទួល​រងការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ពីសំណាក់ ក្រុមអ្នក​តវ៉ា​ប្រឆាំងនឹងឯករាជ្យមួយក្រុម នៅឯ​អាកាស​យានរដ្ឋាន​នៃទីក្រុង​នាយប់​ថ្ងៃអាទិត្យ (ម៉ោងក្នុងទីក្រុងហុងកុង) បន្ទាប់ពីបានធ្វើដំណើរវិល​ត្រឡប់​មកពី​ចូលរួម​វេទិកា​នយោបាយមួយ​នៅកោះតៃវ៉ាន់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​​បន្តិចនាព្រឹក​ថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

លោក Nathan Law អាយុ ២៣ឆ្នាំបានប្រឈមមុខ​ជាមួយនឹង​មនុស្សមួយក្រុម​ដែលជា​អ្នកគាំទ្រ​ទីក្រុងប៉េកាំង នៅពេល​ដែលបាន​មកដល់​ទីក្រុងវិញ​នៅឯព្រលាន​យន្តហោះ ហើយក្រុម​អ្នកតវ៉ា​ទាំងនោះ​បានស្រែកខ្លាំងៗ និងជះទឹក​ដាក់ចំផ្ទៃ​មុខ​របស់លោក​​ហើយ​ថែម​ទាំង​​បាន​ប៉ុន​ប៉ង​ប្រើអំពើហិង្សា​ដាក់លោក Law ទៀតផង ប៉ុន្តែសំណាងល្អ​មន្រ្តីប៉ូលិស​បានព្យាយាម​ជួយអមដំណើរ​រូបលោក​ទៅកាន់រថយន្ត​ដើម្បីចាកចេញពី​អា​កាយយានដ្ឋាន។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ​បានកើតឡើង​បន្ទាប់ពីលោក Nathan Law រួមនិងសកម្មជន​គាំទ្រ​ឯករាជ្យនៃទីក្រុងហុងកុង​ល្បីៗ​មួយ​ចំនួន​ទៀត បានទៅ​ចូលរួម​ព្រឹត្តិការណ៍​ចំនួនពីរ​ថ្ងៃ​នៅឯ​កោះតៃវ៉ាន់ ដែលត្រូវ​បានធ្វើឡើង​ក្នុងគោលបំណង​បង្កើត​ការតភ្ជាប់​នូវចលនា​ប្រជាធិបតេយ្យ​រវាងហុងកុង​ និងតៃវ៉ាន់៕