(សេអ៊ូល)៖ កូរ៉េខាងជើង​ប្រកាសថា​ខ្លួនអាចនឹងធ្វើការបាញ់​សាកល្បង​ មីស៊ីល​ផ្លោងអន្តរទ្វីប ICBM​ គ្រប់ពេលវេលោ​មិនថា​ទីកន្លែងណាក៏ដោយ​ឱ្យតែលោក គីម ជុងអ៊ុន ហាមាត់ហើយថែម​ទាំង​បញ្ជាក់​ឡើងវិញ​ថា​គោល​នយោបាយ​ឈ្លាន​ពានរបស់​សហរដ្ឋអាមេរិក គឺជាមូលហេតុ​ជំរុញទីក្រុងព្យុងយ៉ាង​ត្រូវតែ​អភិវឌ្ឍន៍​មីស៊ីល និងអាវុធ​នុយក្លេអ៊ែរ​ដើម្បីការពារខ្លួន។ នេះបើ​តាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹក​ថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

លោក គីម ជុងអ៊ុន កាលពីថ្ងៃទី០១ ខែមករា ធ្លាប់បាន​អះអាងថា កូរ៉េខាងជើងកាន់តែ​ខិតជិត​ដល់ការបាញ់​សាកល្បង​មីស៊ីល ICBM ខណៈសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA​ ក៏ប្រកាសដែរថា មីស៊ីល ICBM​ អាចនឹង​ត្រូវបាញ់​គ្រប់ពេលវេលានិងគ្រប់ទីកន្លែង​ឱ្យតែ លោក គីម ជុងអ៊ុន ដាក់បញ្ជាភ្លាម។ ជាមួយគ្នា​នោះដែរ​​​ជុំវិញ​ការ​អះអាង​នេះ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Ash Carter បានថ្លែង​ថា សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​កូរ៉េខាងជើង​គឺជាការគំរាមកំហែង​ដ៏ធ្ងន់ធ្ងរ​សម្រាប់​សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីន​តោន​បានត្រៀម​ខ្លួនរួច​ហើយ ក្នុងការបាញ់​កម្ទេចមីស៊ីល​របស់កូរ៉េខាងជើង។ «យើងនឹង​បាញ់ទម្លាក់​មីស៊ីល​កូរ៉េខាងជើង (...) នៅក្នុងករណីចាំបាច់​ដែលវាជាការគំរាមកំហែងធ្ងន់ធ្ងរនិយាយឱ្យ​ចំ​បើសិនជាវាត្រូវបាន​បាញ់តម្រង់​ឆ្ពោះមកកាន់​ទឹកដី​របស់​យើង ឬក៏ដែនដីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក»។ នេះបើ​តាម​សម្ដីរបស់​លោក Ash Carter ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ NBC​។

គួរបញ្ជាក់ថា​មីស៊ីលផ្លោងអន្តរទ្វីប ICBM រយៈចំងាយ​មធ្យមអាចបាញ់បានចំងាយ ៥,៥០០ គីឡូម៉ែត្រ ក៏ប៉ុន្តែមីស៊ីលប្រភេទនេះខ្លះទៀត​អាចបាញ់បាន​ក្នុងចំងាយ​ដល់ទៅ ១០,០០០ គីឡូម៉ែត្រ ឬអាចឆ្ងាយ​ជាងនេះ​ក៏មាន៕