(ហាណូយ)៖ កន្ត្រៃមួយ​ដែលក្រុម​គ្រូពេទ្យ​បានភ្លេច​ នៅក្នុងពោះ​បុរសជាជនជាតិ​វៀតណាមម្នាក់នៅក្នុង​អំឡុង​ពេលវះកាត់​កាលពី​ជាង១៨ឆ្នាំមុន ត្រូវបាន​គ្រូពេទ្យ​វះកាត់​យកចេញ​មកខាងក្រៅ​ហើយ ខណៈជីវិត​របស់បុរសម្នាក់​នេះក៏បានត្រឡប់​ទៅរកភាព​ប្រក្រតី​វិញដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន NDTV ​ដែលត្រូវបាន​ដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

កាលពីឆ្នាំ១៩៩៨ លោក Ma Van Nhat ដែលបច្ចុប្បន្ន​មានអាយុ៥៤ឆ្នាំ និងជារស់​នៅ​ក្បែរ​ទីក្រុងហាណូយ បានទទួល​ការវះកាត់​បន្ទាប់ពីលោក​ជួបគ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក លោក Ma ចេះតែ​ឈឺពោះ​មិនឈប់ទើបលោក​សម្រេចចិត្ត​ទៅមន្ទីរពេទ្យថតអេកូ ហើយរឿង​មិនគួរ​ឱ្យជឿ​បានកើតឡើង​នៅពេល​គ្រូពេទ្យ​បា្រប់ថា​ ក្នុងពោះរបស់​លោក​មានកន្ត្រៃប្រវែង ១៥សង់ទីម៉ែត្រ។

ដោយឡែក​បើតាមអ្នក​ទទួលខុសត្រូវ​នៃមន្ទីរពេទ្យ Gang Thep Thaï Nguyen ដែលទទួល​វះកាត់​លោក Ma​ បានឱ្យដឹងថា ​បុរសវ័យ ៥៤ឆ្នាំរូបនេះ​ត្រូវបានក្រុម​គ្រូពេទ្យ​ចំណាយ​ពេល៣ម៉ោងក្នុងការ​វះកាត់​យក​កន្ត្រៃចេញ​ពីពោះ​ដោយ​ជោគជ័យ​កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយឥលូវនេះ លោក Ma អាចរស់នៅ​បានដូចធម្មតា និងគ្មាន​បញ្ហារឿង​ហូបចុកទៀតនោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរវៀតណាម​កំពុងតាមស្វែងរកក្រុមគ្រូពេទ្យ ដែលបាន​វះកាត់​លោក Ma Van Nhat កាលពីឆ្នាំ១៩៩៨ ​នៅក្នុងខេត្ត Bac Kan ស្ថិតនៅភាគឦសាន​ប្រទេស​វៀតណាម៕