(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក នៅមិនទាន់បានដកការសង្ស័យនៅឡើយទេ ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនៃហេតុការណ៍បាញ់ សម្លាប់មនុស្ស ៥នាក់ ដោយខ្មាន់កាំភ្លើងម្នាក់ជាអតីតយោធាអាមេរិកក្នុងសង្រ្គាមអ៊ីរ៉ាក់ នៅឯអាកាសយានដ្ឋាន Fort Lauderdale ក្នុងរដ្ឋ Florida កាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។

យោងតាម ប៉ូលិសអាមេរិកខ្មាន់កាំភ្លើងមានឈ្មោះថា Esteban Santiago អាយុ២៦ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗដោយគ្មានការបាញ់ តបតឡើយ និងកំពុងស្ថិតនៅ​ក្រោមការ​សួរ​ចម្លើយដោយ ប៉ូលិសសហព័ន្ធ FBI​។​ ដោយឡែក លោក George Piro ជាភ្នាក់ងារ ពិសេសនៃប៉ូលិសFBI​ ក៏បានឱ្យដឹងដែរថា FBI នឹងបន្តពិនិត្យនិងស៊ើបអង្កេតលើ ហេតុការណ៍បាញ់ប្រហារនេះ ថាតើវាមានជាប់ទាក់ ទិននឹងសកម្មភាពភេរវកម្មដែរ ឬយ៉ាងណា? លោក George Piro ថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងបន្តស៊ើបអង្កេតលើករណីបាញ់ ប្រហារនេះ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាវាមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករដែរឬទេ ឬក៏អ្នកនៅពីក្រោយ និងចេតនាពិតប្រាកដ នៃការវាយប្រហារនេះ»

គួរបញ្ជាក់ថា​ ខ្មាន់កាំភ្លើង Estenban Santiago ជាអ្នករស់នៅក្នុងរដ្ឋ Alaska ហើយធ្លាប់​​បាន​​បំរើ​ការ​​ជាមន្ត្រីសន្តិសុខជាតិ ​និង​ធ្លាប់ធ្វើដំណើរទៅកាន់​សមរភូមិ នៅប្រទេសអ៊ីរ៉ាក់។ Santiago  អាចប្រឈមមុខនឹងការផ្តន្ទាទោសជាអតិបរាម៉ា ក្នុងនោះរួមមានទាំង ការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តិអំពើហឹង្សាធ្ងន់ធ្ងរតាមរយៈការប្រើ ប្រាស់កាំភ្លើងបណ្ដាលមនុស្ស៥នាក់ស្លាប់ និងរបួសសរុបជាង ៤៥នាក់។ នេះបើតាមក្រុមអគ្គរដ្ឋអាជ្ញាអាមេរិកនៅថ្ងៃអាទិត្យនេះ៕