(អាមេរិក)៖ ថ្ងៃឡើងកាន់ដំណែងប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើងក្នុងរយៈពេលបួនឆ្នាំម្តង នៅថ្ងៃទី២០ ខែមករា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ នៅថ្ងៃទី២០​ ខែមករាខាងមុខនេះ លោក ដូ ណាល់ត្រាំ ដែលមេបក្សប្រឆាំង នៅកម្ពុជាលោក សម រង្ស៊ី ហៅថាជាជនផ្តាច់ការនោះ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការ។

កម្មវិធីនេះត្រូវប្រព្រឹត្តទៅនាពេលរសៀលថ្ងៃទី២០ ខែមករា ក្នុងរដ្ឋធានី Washington DC។ វាជាកម្មវិធីនៃការចាប់ផ្តើមអាណត្តិថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលមានរយៈពេលបួនឆ្នាំ។ កម្មវិធីឡើងកាន់អំណាចនេះត្រូវបានរៀបចំឡើងសម្រាប់ការចាប់ផ្តើមអាណត្តិនីមួយៗ បើទោះបីជាប្រធានាធិបតីរូបនោះបន្តកាន់អំណាចក្នុងរយៈពេលអាណត្តិទីពីរក៏ដោយក្តី។

ក្រៅពីកម្មវិធីស្បថចូលកាន់ដំណែង ការថ្លែងសន្ទរកថា និងកម្មវិធីផ្សេងៗនោះ ក៏មានការរៀបចំក្បួនព្យុះហយាត្រាតាមបណ្តោយដងវិថី Pennsylvania ផងដែរ។ ប្រធានាធិបតីថ្មី ទស្សនាការធ្វើព្យុះហយាត្រាដែលមានមនុស្សចូលរួមដង្ហែរាប់ពាន់នាក់។ ប្រជាពលរដ្ឋអាមេរិកភាគច្រើន ទស្សនាកម្មវិធីនេះតាមកញ្ចក់ទូរទស្សន៍។

* កាលបរិច្ឆេទ៖
កម្មវិធីតែងតាំងប្រធានាធិបតីទីមួយរបស់អាមេរិក គឺលោក George Washington ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩ នៅសាលសហព័ន្ធ ក្នុងទីក្រុង ញ៉ូវយក ជាកន្លែងដែលលោកបានស្បថចូលកាន់ដំណែង។ តែចាប់តាំងពីឆ្នាំ១៧៩៣រហូតដល់ឆ្នាំ១៩៣៣ កម្មវិធីនេះត្រូវបានប្តូរទៅថ្ងៃទី០៤ ខែមីនា។ តែក្នុងករណីដែលថ្ងៃនោះត្រូវចំថ្ងៃអាទិត្យ គេនឹងលើកទៅថ្ងៃចន្ទវិញ គឺថ្ងៃទី០៥ ខែមិនា។

ក្រោយមកគឺឆ្នាំ១៩៣៧ ថ្ងៃឡើងកាន់ដំណែងប្រធានាធិបតីថ្មីរបស់អាមេរិក ត្រូវបានផ្លាស់ប្តូរទៅរសៀលថ្ងៃទី២០ ខែមករា ដោយរដ្ឋធម្មនុញ្ញអាមេរិក។ ប៉ុន្តែប្រសិនបើថ្ងៃទី២០ ខែមករា ត្រូវនឹងថ្ងៃអាទិត្យ ប្រធានាធិបតីតម្រូវឱ្យស្បថក្នុងលក្ខណៈឯកជនជាមួយប្រធានមន្ត្រីយុត្តិធម៌ប៉ុណ្ណោះ បន្ទាប់មកកម្មវិធីស្បថនៅមុខសារធារណជន ត្រូវលើកទៅថ្ងៃចន្ទដែលជាថ្ងៃបន្ទាប់ គឺត្រូវនឹងថ្ងៃទី២១ ខែមករា។

* អ្នកចូលរួម៖
ក្រៅពីសាធារណជន អ្នកចូលរួមក្នុងកម្មវិធីនេះ ជាទូទៅមានដូចជា សមាជិកសភា តុលាការកំពូល មន្ត្រីយោធាជាន់ខ្ពស់ អតីតប្រធានាធិបតី អ្នកទទួលបាន មេដាយកត្តិយស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ អតីតប្រធានាធិបតីមុនៗជាទូទៅក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ លើកលែងតែក្នុងករណីដែលពួកគេស្លាប់។
កម្មវិធីនេះជាទូទៅ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ច្រើនជាងតាមរដ្ឋធម្មនុញ្ញ លើកលែងតែការធ្វើពាក្យសម្បថ។

តាមទម្លាប់ប្រធានាធិបតីជាប់ឆ្នោតបានមកដល់សេតវិមាន ព្រមទាំងដំណើរការកម្មវិធីនេះរួមជាមួយវត្តមានប្រធានាធិបតីកំពុងកាន់អំណាច។ កម្មវិធីធ្វើពាក្យសម្បថត្រូវបានរៀបចំឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានប្រធានមន្ត្រីយុត្តិធម៌ជាអ្នកគ្រប់គ្រង។ យោធាអាមេរិកក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ចាប់តាំងពីការឡើងកាន់អំណាចរបស់អតីតប្រធានាធិបតី Gorge Washington ដោយសារកាលនោះលោកជាមេបញ្ជាការយោធា។

* ទីកន្លែងរៀបចំពិធី៖
កម្មវិធីតែងតាំងប្រធានាធិបតី ស្ទើរទាំងអស់ត្រូវបានរៀបចំនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ដោយឡែកចំពោះកម្មវិធីធ្វើពាក្យសម្បថវិញ វាអាស្រ័យទៅលើអាកាសធាតុ ដែលពេលខ្លះត្រូវបានរៀបចំ នៅខាងក្នុង ឬពេលខ្លះខាងក្រៅនៅខាងក្រៅវិមានកាពីតូល។
និយាយពីកម្មវិធីនៅខាងក្រៅអគារវិញ ពីមុនមកត្រូវបានរៀបចំឡើងនៅភាគខាងកើតផ្នែកខាងមុខនៃវិមាន។ តែចាប់តាំងពីខែមិថុនា ឆ្នាំ១៩៨០មក គណកម្មាធិកាបានសម្រេចផ្លាស់ប្តូរទៅភាគខាងលិច នៃវិមានវិញម្តងដើម្បីសន្សំថវិកា និងផ្តល់ទីតាំងធំទូលាយសម្រាប់អ្នកទស្សនា។

ឈានដល់អាណត្តិលោក Ronald Reagan អតីតប្រធានាធិបតីរូបនេះបានស្នើរៀបចំកម្មវិធីដោយបែរទៅមុខទៅទៅខាងលិចគឺទៅរដ្ឋ California ដែលជារដ្ឋកំណើតរបស់លោកវិញ។ ចាប់តាំងពីពេលនោះមក រាល់កម្មវិធីនៅខាងក្រៅវិមានត្រូវបានរៀបចំឡើង បែរមុខទៅទិសខាងលិច។

* អ្នករៀបចំកម្មវិធី៖
ចាប់តាំងពីឆ្នាំ១៩០១មក រាល់កម្មវិធីឡើងកាន់ដំណែង ត្រូវបានរៀបចំឡើងនៅរដ្ឋធានី សហរដ្ឋអាមេរិក ដោយគណកម្មាធិការសភា រួមទទួលបន្ទុកការឡើង កាន់ដំណែង។ គណកម្មាធិការរៀបចំការឡើងកាន់ដំណែងប្រធានាធិបតី ជាអង្គភាពស្របច្បាប់ ក្នុងការរៃអង្គាស និងចូលរួមមូលនិធីសម្រាប់ការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗនៅក្នុងកម្មវិធី ជាក់ស្តែងដូចជា ការដើរព្យុះហយាត្រាជាដើម។

* ឥទិ្ធពលនៃកម្មវិធីចំពោះសាធារណជន៖
ថ្ងៃឡើងកាន់ដំណែងនេះ មិនមែនជាថ្ងៃឈប់សម្រាកជាសាធារណៈឡើយ ហើយប្រជាពលរដ្ឋភាគច្រើន នៅតែបន្តធ្វើការដូចធម្មតា។ សាលារៀន ហាងលក់ទំនិញ និងស្ថាប័នផ្សេងៗ ត្រូវបានបើកដំណើរការជាធម្មតា ខណៈដែលប្រព័ន្ធដឹកជញ្ជូន និងសេវាកម្មផ្សេងៗក៏ត្រូវប្រព្រឹត្តទៅតាមគម្រោងរបស់ខ្លួន។ ប៉ុន្តែវាអាចនឹងមានការផ្លាស់ប្តូរចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយសារគ្រប់ព័ត៌មានភាគច្រើននឹងផ្តោតទៅលើកម្មវិធីនេះទាំងស្រុង។

យ៉ាងនេះក្តី ថ្ងៃឡើងកាន់ដំណែងនេះ គឺជាថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកសហព័ន្ធ ដែលធ្វើការនៅ Washington DC ឬតំបន់ដែលស្ថិតនៅក្បែរនោះ ដោយការឈប់សម្រាកនេះ ដើម្បីក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ដែលត្រូវរៀបចំកម្មវិធីនេះ។

ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងនិងជុំវិញរដ្ឋធានី Washington DC នឹងរងការរំខានជាខ្លាំងក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេល ឬមុន និងក្រោយថ្ងៃឡើងកាន់ដំណែង។ វាមិនមែនដោយសារការរៀបចំកម្មវិធី និងការដើរព្យុះហយាត្រាប៉ុណ្ណោះទេ ប៉ុន្តែដោយសារការធ្វើបាតុកម្មផ្សេងៗ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃនោះផងដែរ៕