(ស៊ីរី)៖ ស្ថានីយ៍ទូរទស្សន៍ Sky News Arabia TV channel បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការវាយប្រហារបំផ្ទុះរថយន្ដ នៅក្នុងទីក្រុងអាហ្សាស់ (Azas) នៃខេត្ត(Aleppo​) ប្រទេសស៊ីរី បានសម្លាប់មនុស្ស ២៥នាក់ និងរាប់សិបនាក់ផ្សេងទៀតបានរង របួស។ ក៏ប៉ុន្តែ ភ្លាមនោះដែរ បើតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu​ មនុស្សយ៉ាងហោចណាស់ដល់ទៅជាង ៦០នាក់ ត្រូវ បានសម្លាប់ និង៥០នាក់ បានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។

អាហ្សាស់ គឺជាទីក្រុងមួយស្ថិតនៅភាគខាងជើងប្រទេសស៊ីរី ក្បែរព្រំដែនប្រទេសតួកគី ហើយការវាយប្រហារបំផ្ទុះរថយន្ដខាងលើ បានកើតឡើងនៅចំកណ្ដាលទីក្រុងនេះតែម្ដង នៅជិតទីស្នាក់ការរបស់ក្រុមប្រឆាំងស៊ីរី Ahrar al-Sham។ ម្យ៉ាងវិញទៀត ការវាយ ប្រហារដ៏អាក្រក់នេះ ទៀតសោត បានកើតឡើង នៅក្នុងបរិបទនៃឈប់បាញ់នៅទូទាំងប្រទេសស៊ីរី ព្រមព្រៀងគ្នាដោយរុស្ស៊ី និង តួកគី អនុម័តដោយអង្គការសហប្រជាជាតិ ដែលបានចូលជាធរមានតាំងតែពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។​

គួរបញ្ជាក់ថា ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅឡើយទេ ក៏ប៉ុន្តែគេដឹងថាក្រុម សកម្មប្រយុទ្ធ ISIS ជារឿយៗតែងតែដឹកនាំការវាយប្រហាររបៀបនេះ៕