(អាមេរិក)៖ បន្ទាប់ពីបាន​បើកការបាញ់​ប្រហារ​ទៅលើមនុស្ស​ជាច្រើននាក់ ហើយបាន​បណ្តាលឲ្យ​ ០៥នាក់​បាត់​បង់​ជីវិត​ និង០៨នាក់ផ្សេងទៀ​តរងរបួស​នៅឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ Fort Lauderdale នៃរដ្ឋ Florida សហរដ្ឋអាមេរិក​ទីបំផុត​ខ្មាន់​កាំ​ភ្លើង​​ត្រូវ​បាន​កម្លាំង​​​ប៉ូលិស​​​​ចាប់​ខ្លួន​​​បាន​យ៉ាង​​ងាយស្រួល​​ដោយគ្មាន​ការតដៃ​តបត​អ្វីឡើយ ហើយ​ជននោះ​កំពុងស្ថិតនៅ​ក្រោមការ​សួរ​ចម្លើយ​។ នេះបើតាម​ការចេញផ្សាយ​ដោយ CNN នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។

សាក្សីជាច្រើននាក់ឲ្យដឹងថា ខ្មាន់កាំភ្លើងបាន​ធ្វើដំណើរ​មកដល់​អាកាស​យានដ្ឋាន​ខាងលើ​តាមរយៈ​ជើងហោះហើរ​ពី​ប្រទេស​កាណាដា ជាមួយ​នឹងអាវុធ​មួយដើម​ដែលឆ្លង​កាត់​​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នៅក្នុងកាបូប​របស់​ជននោះ ដែលក្រោយមកជន​ដៃដល់​ក៏បានទៅ​យក​កាបូប​របស់​ខ្លួន​ចូលក្នុង​បន្ទប់ទឹក​ដើម្បី​ដាក់គ្រាប់ ហើយពេលចេញមកវិញ​ក៏បើកការបាញ់​ប្រហារ​តែម្តង។

គួរបញ្ជាក់ថា​យោងតាមអាជ្ញាធរ​អាមេរិក ជនដៃដល់​មានឈ្មោះ Estenban Santiago រស់នៅរដ្ឋ Alaska ហើយធ្លាប់​​បាន​​បំរើ​ការ​​ជាមន្ត្រីសន្តិសុខជាតិ ​និង​ធ្លាប់ធ្វើដំណើរទៅ​កាន់​​សមរភូមិនៅប្រទេសអ៊ីរ៉ាក់ផងដែរ ខណៈមកទល់ពេលនេះ​ប៉ូលិសបាន​សន្និដ្ឋានថា​ ខ្មាន់កា​ភ្លើង​រូប​នេះ​​បានធ្វើ​សកម្មភាព​​តែម្នាក់ឯង​ប៉ុណ្ណោះ ដោយគ្មានពាក់ព័ន្ធ​ជាមួយបុគ្គល​ ឬក្រុមណា​ផ្សេង​ឡើយ៕