(សេអ៊ូល)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូងបានប្រកាស​អំពី​ គំរោង​នៃការអភិវឌ្ឍអាវុធ​កាំរស្មី​ដ៏ពិសេស​មួយ​ប្រភេទ​ដែល​មាន​សមត្ថភាព​បាញ់ទម្លាក់​យន្តហោះ​គ្មាន​អ្នកបើកបរ (Drone) របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ដែលត្រូវ​បាន​ប៉ាន់​ប្រមាណថា​ មានចំនួន​ប្រហែល ៣០០គ្រឿង ហើយក្នុង​ចំណោមនោះ​មន្រ្តីយោធា​កូរ៉េខាងត្បូង​ជឿជាក់ថា​ ១០គ្រឿង​មាន​បំពាក់​ដោយ​សព្វាវុធ។ នេះបើតាមការ​​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងខាងលើបានបញ្ជាក់ថា កិច្ចការផ្សេងៗ​បានចាប់ផ្តើម​ហើយ​ទៅលើ​បច្ចេកវិទ្យា​កាំរស្មី​ដែលនឹង​ប្រើប្រាស់​ប្រព័ន្ធបញ្ជូន​ថាមពល​ឥតខ្សែ​ដ៏មានឥទ្ធិពល ដែលអាច​បាញ់ទម្លាក់​យន្តហោះ Drone ធុនតូចបាន ដោយសារ​តែ​ការកើនឡើង​នៃសមត្ថភាព​​ប្រតិបត្តិការ​របស់ពួកវា។

មន្រ្តីយោធាមួយរូប​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ​បានឲ្យដឹង​ទៀតថា អាវុធ​សម្រាក់​ការស្ទាក់​បាញ់នេះ​គួរតែ​ត្រូវអភិវឌ្ឍន៍​នៅក្នុង​ឆ្នាំ​២០១៨ ខណៈប្រព័ន្ធ​ទាំងមូល​ទំនងជា​នឹងពុំទាន់​អាចបង្កើត​ហើយ​រួចរាល់​ក្នុងពេល​ឆាប់ៗ​នោះ​ឡើយ​រហូត​ទាល់តែ​ដល់​ឆ្នាំ២០២១ ហើយ​ការ​បោះជំហានថ្មី​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅចំពេល​ដែលរដ្ឋាភិបាល​ទីក្រុងសេអ៊ូល​បានអះអាង​ថា​ បានរកឃើញយន្តហោះ Drone មួយចំនួន​ដែល​បង្ហោះដោយប្រទេសកូរ៉េខាងជើង​កាលពីប៉ុន្មាន​ឆ្នាំ​មុន នៅដែន​អាកាស​ភាគខាងត្បូង​នៃតំបន់​គ្មានយោធា​កាន់កាប់ (Demilitarized Zone) ដែលពុះចែកឧបទ្វីបកូរ៉េជាពីរផ្នែក។

គួរបញ្ជាក់ថា យន្តហោះ​គ្មាន​អ្នកបើកបរ​ធុន​តូច​ពិតជាគួរ​ឲ្យរំខាន​ណាស់​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង ដោយសារតែ​ទំហំរបស់ពួកវា​ធ្វើឲ្យប្រព័ន្ធ​រ៉ាដា​មានការពិបាក​ក្នុងចាប់សញ្ញា​ និងបាញ់ស្ទាក់៕