(គូឡាឡាំពួរ)៖ ​រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ជូន​ប្រទេសម៉ាឡេស៊ី​នៅថ្ងៃសុក្រនេះ​បានឲ្យដឹងថា ប្រតិបត្តិការតាម​ប្រមាញ់​​យន្ត​ហោះ​ដឹកអ្នក​ដំណើរ​របស់​អា​កាសចរណ៍​​​ម៉ាឡេស៊ី MH370 ដែលបាន​បាត់ចេញពី​ប្រព័ន្ធរ៉ាដា​កាលពី​​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤​ នឹង​ត្រូវ​បញ្ចប់​​ទៅ​ជា​​ស្ថាពរ​​ហើយ​​នៅ​ក្នុង​រយៈ​ពេល​ពីរ​​សប្តាហ៍​ទៀត ខណៈក្រុមគ្រួសារ​សាច់ញាតិ​របស់អ្នកដំណើរ​នៅលើយន្តហោះ​ បានទាមទារឲ្យ​អាជ្ញាធរ​​បន្តដឹកនាំ​​ប្រតិបត្តិការ​​ស្វែងរកបន្តទៀត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នា​រសៀល​ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

លោក Liow Tiong រដ្ឋមន្រ្តីដឹក​ជញ្ជូនម៉ាឡេស៊ី​បានថ្លែង​ប្រាប់ក្រុម​អ្នកកាសែតថា «ពួកយើង​កំពុង​ឈានដល់​ជុំ​ចុងក្រោយ​នៃការ​ស្វែងរក​នៅ​ក្នុង​ពេលពីរ​សប្តាហ៍​ខាងមុខ ហើយយើង​សង្ឃឹមថា​ពួកយើង​អាចនឹងប្រទះ​ឃើញយន្តហោះ​ដឹកអ្នកដំណើរ​ដែលបានបាត់​ដំណឹង​សូន្យ​ឈឹងនេះ»។ ទន្ទឹមនឹងនេះលោក Liow មិនបាន​បញ្ជាក់ឲ្យ​ដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​នោះ​ឡើយ ប៉ុន្តែបាន​បង្ហើប​ថា​កិច្ចប្រជុំ​ត្រីភាគី​មួយ​នឹង​ប្រព្រឹត្ត​ទៅ បន្ទាប់​ពី​របាយការណ៍​ចុងក្រោយ​ត្រូវបាន​ចេញផ្សាយ​ នៅពេលការ​ស្វែងរក​នៅលើផ្ទៃដី​និងទឹក​ទំហំ ១២០,០០០គីឡូម៉ែត្រការ៉េបញ្ចប់។

គួរបញ្ជាក់ថាយន្តហោះដឹកអ្នកដំណើរ​ដែលផ្ទុកមនុស្ស​សរុបចំនួន ២៣៩នាក់បានបាត់ចេញ​ពី​ប្រព័ន្ធរ៉ាដា ខណៈពេល​កំពុងធ្វើដំណើរ​តាមផ្លូវពី​រដ្ឋ​ធានី​គូឡាឡាំពួរ​នៃប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់​ទីក្រុងប៉េកាំង​នៃប្រទេស​ចិន។ ដោយឡែក​ប្រតិបត្តិការ​តាមស្វែងរកយន្តហោះ​មួយនេះ ​ពុំទាន់សម្រេច​បានអ្វីជា​ដុំកំភួន​នៅឡើយ​នោះទេ៕