(ប៉េកាំង)៖ រដ្ឋាភិបាលចិន​បានរៀបចំ​គំរោងដើម្បី​ធ្វើការ​បណ្តាក់ទុន​វិនិយោគ​ចំនួន ៣៦០ពាន់លានដុល្លារ​សហរដ្ឋអាមេរិក ទៅក្នុងការអភិវឌ្ឍ​​ធន​ធានថាមពល​កកើត​ឡើងវិញ ក្នុង​គោលបំណង​​ទប់ទល់នឹង​អាកាសធាតុ​ដ៏អាក្រក់​ដែលកំពុង​បំពុលប្រទេស​​យ៉ាងខ្លាំង។ នេះបើតាម​​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

អនុប្រធាន​នៃរដ្ឋបាល​ថាមពលជាតិ​ចិន (NEA) លោក Li Yangzhe បាននិយាយ​នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយថា «បើយោង​តាមការ​​គណនា​ជាបឋមគំរោងការ​វិនិយោគ​ នៅក្នុងការផលិតថាមពល​អាចបង្កើតថ្មី​នឹង​មាន​ចំនួន ២.៥ពាន់ពាន់លានយ័ន (ដែលស្មើនឹង ៣៥៩.៨ពាន់លាន​ដុល្លារអាមេរិក​»

លោក Li បានបន្ថែមថា​ផែនការអភិវឌ្ឍន៍​ថាមពល​អាចបង្កើតថ្មី​ដែលត្រូវបាន​រៀបចំឡើង​ដោយ NEA និងគណកម្មការ​កំណែ​ទម្រង់​​និង​អភិវឌ្ឍន៍​ជាតិ ​នឹងជំរុញ​ឲ្យមានការ​កើនឡើង​នៃការប្រើប្រាស់​ធនធាន​ថាមពល​មិនមែន​ហ្វូស៊ីល ដើម្បីកាត់បន្ថយការទាញយកថាមពលពី​ធ្យូងថ្មហើយរដ្ឋាភិបាល​ចិន​ក៏មានចេតនា​ចង់ឲ្យមាន​ការប្រើប្រាស់​ថាមព្រះអាទិត្យ, វារីអគ្គិសនី, ថាមពលខ្យល់, និងថាមពលកម្តៅពីក្នុងដី​ផងដែរ។

គួរបញ្ជាក់ថា​ការប្រើប្រាស់​ដ៏លើស​លប់របស់​ប្រទេស​ចិននូវធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល បានបណ្តាល​ឲ្យទីក្រុង​ប៉េកាំង​ក៏ដូចជាទីក្រុងដទៃ​ផ្សេងៗទៀតរបស់ចិន ទទួលរង​ផលប៉ះពាល់​ជាអតិបរមា​ពីការបំពុល​ខ្យល់ក្នុងកំរិត​ដ៏ខ្លាំងក្លា ដែលកំពុងបង្កគ្រោះ​ថ្នាក់យ៉ាង​ធ្ងន់ធ្ងន់​ដល់​សុខ​ភាព​នៃប្រជាជននៅ​ទូទាំងប្រទេស​ទាំងមូល៕