(ម៉ូស្គូ)៖ ការដាក់ទណ្ឌកម្ម​របស់សហភាព​អឺរ៉ុបប្រឆាំង​នឹង​ប្រទេសរុស្ស៊ី​បានបណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ៤០០,០០០នាក់​នៅ​ទូទាំង​​អ៊ឺរ៉ុប​ទាំង​មូលបាត់បង់ការងារធ្វើ ហើយ​បាន​ធ្វើឲ្យ​បណ្តាប្រទេស​អឺរ៉ុបទទួល​រង​ការខាតបង់​ផ្នែកហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​ដល់​ទៅ ១៨.៦ពាន់លានដុល្លារ​​អាមេរិកនៅក្នុងឆ្នាំ២០១៥។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

ប្រទេសអាល្លឺម៉ង់​ដែលជាដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុតរបស់​រុស្ស៊ី​នៅអឺរ៉ុប បានបាត់បង់​ការងារ​ចំនួន​ ៩៧,០០០កន្លែង ហើយប្រទេស​​ប៉ូឡូញ​​បានបាត់បង់ចំនួន ៧៨,០០០​កន្លែង ខណៈប្រទេសអូទ្រីស​ជាមួយ​នឹង​ចំនួន​នៃការបាត់បង់​ការងារចំនួន ៧,០០០កន្លែង ពុំសូវជាបានទទួលរង​ផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនោះឡើយ។ នេះបើតាមការ​សិក្សា​របស់វិទ្យាស្ថាន​នៃប្រទេសអូទ្រីស​ សម្រាប់ការស្រាវជ្រាវ​ផ្នែកសេ​ដ្ឋកិច្ច។

បន្ថែមពីនេះអាល្លឺម៉ង់ក៏បានទទួលរងការ​ខាតបង់ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំងក្លា​ជាងគេ​បង្អស់ផងដែរ​នៅក្នុងចំនួន​ប្រហែល​ ៦.៤ពាន់លានដុល្លារ ហើយ​បារាំងស្ថិត​នៅក្នុងលំដាប់​ទីពីរ​ជាមួយនឹង​ការខាតបង់​ចំនួន ១.៦៩ពាន់លានដុល្លារ។

គួរបញ្ជាក់ថា​ចាប់តាំងពីឆ្នាំ២០១៤មក ទំនាក់ទំនង​រវាងប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុបបានជួប​នឹងភាព​ល្អក់ខ្វល់​​ជាខ្លាំងនៅ​ចំពោះ​មុខ​វិបត្តិ​ក្នុងប្រទេស​អ៊ុយក្រែន ហើយ​បណ្តា​​ប្រទេសអឺរ៉ុប​និងសហរដ្ឋអាមេរិក​ក៏ដូចជាសម្ព័ន្ធមិត្តដទៃៗ​ទៀត​បាន ដាក់ទណ្ឌកម្ម​ជាច្រើនប្រឆាំង​នឹង​រដ្ឋា​ភិបាលទីក្រុងម៉ូស្គូ​ បន្ទាប់ពី​តំបន់គ្រីមៀ​បានក្លាយជា​ផ្នែក​មួយ​របស់ប្រទេសរុស្ស៊ី​ កាលពីឆ្នាំ២០១៤ និងដោយសារតែ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅក្នុងជម្លោះ​នៃប្រទេសអ៊ុយក្រែន៕