(សេអ៊ូល)៖ ក្រុមហ៊ុន Apple បានបង្ហើបថា​​ខ្លួនកំពុងរៀបចំ​​គំរោងដើម្បី​​បើកហាងលក់​​ផលិតផល​មួយ​កន្លែង​នៅក្នុងប្រទេស​កូរ៉េ​ខាងត្បូង ដែល​ជាហាង​​​របស់ Apple ដំបូងបំផុត​​ដែលនឹង​មានវត្តមាន​​នៅលើទឹកដី​កំណើត​​របស់​ក្រុមហ៊ុន Samsung ដែលជាគូប្រជែង​ដ៏ស្វិតស្វាញ​​​ខាងផ្នែក​​​បច្ចេក​​វិទ្យា​​ស្មាត​ហ្វូន។ នេះបើតាម​​ការ​ចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

ក្រុមហ៊ុនដែល​មនុស្សគ្រប់គ្នា​​ស្គាល់​​ហើយថា ​ជាអ្នកឲ្យកំណើត​​ដល់ម៉ូដែល​​ទូរស័ព្ទ​ដៃដ៏ល្បីល្បាញ​​លើ​ពិភពលោក «iPhone» បានចេញ​សេចក្តីប្រកាស​​ដើម្បីជ្រើសរើស​បុគ្គលិក​​សម្រាប់មុខតំណែង​ចំនួន ១៥កន្លែង​នៅលើ​គេហទំព័រ​​របស់ក្រុមហ៊ុន ដែលតួនាទី​ទាំងអស់​​នោះរួមមាន​​​ប្រធានដឹកនាំ​ការងារ​ និងប្រធាន​គ្រប់គ្រងមុខជំនួញ​របស់ហាង ប៉ុន្តែ​សេចក្តីប្រកាស​របស់ក្រុមហ៊ុន Apple មិន​បាន​បញ្ជាក់​​ច្បាស់​​ពី​​ទីតាំង​របស់​ហាង ឬមួយក៏កាលបរិច្ឆេទ​​អ្នកដែលត្រូវបាន​ជ្រើសរើស នឹងចាប់ផ្តើមបំពេញ​ការងារ​នោះឡើយ។

ទន្ទឹមនឹងនេះ​ក្រុមហ៊ុន Apple បានថ្លែងប្រាប់​​ក្រុមអ្នក​សារព័ត៌មាន​​តាមរយៈសេចក្តីថ្លែង​ការណ៍​​មួយថា «ពួកយើង​មានក្តីរំភើប​ជាខ្លាំង​ចំពោះ​ការបើកហាង​លក់ផលិតផល Apple ជាលើកទី​មួយនៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង ដែលជាមជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏រីកចំរើនមួយ​របស់​​ពិភព​លោក និង​ជា​ប្រទេស​ដែល​កំពុង​ឈាន​​មុខ​​នៅក្នុងវិស័យ​ទូរគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យារួមជាមួយនឹងវប្បធម៌ដ៏រស់រវើក ហើយពួកយើង​កំពុង​ជ្រើស​រើសបុគ្គលិកមួយក្រុម ដែលនឹងផ្តល់​ជូនអតិថិជនរបស់យើងនៅទីក្រុងសេអ៊ូល​នូវសេវាកម្ម, ការអប់រំ, និងការកម្សាន្តផ្សេងៗ ដែលអតិថិជនរបស់ Apple គ្រប់រូបនៅ​ជុំវិញពិភពលោក​ស្រឡាញ់ចូលចិត្ត»

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានបដិសេធ​មិនធ្វើសេចក្តី​​អធិប្បាយ​អំពី​ទាំងក្នុងរដ្ឋធានី​​សេអ៊ូល​ដែលហាង​លក់​​ផលិតផល​​របស់ខ្លួន​​​នឹងតាំង​នៅ ឬក៏ពេលវេលា​ដែលវានឹងត្រូវ​បើក​ដំណើរការ​នោះឡើយ ប៉ុន្តែទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង​បានរាយការណ៍ថា ការដ្ឋានសាងសង់​កំពុង​តែប្រព្រឹត្ត​​ទៅ​សម្រាប់​ហាង​​​របស់​ក្រុមហ៊ុន Apple នៅទីតាំងមួយ​កន្លែង​ក្នុងសង្កាត់​​ភាគខាងត្បូង នៃទីក្រុងសេអ៊ូល និងអាចនឹង​បញ្ចប់រួចរាល់​​នៅចុងខែវិច្ឆិកា ឆ្នាំ២០១៧​ខាងមុខនេះ៕