(វ៉ាស៊ីនតោន)៖ កំពូល Hacker ជនជាតិរ៉ូម៉ានី លោក ម៉ាសែល ឡេហែល ឡាហ្សា (Marcel Lehel Lazar​​) ឬគេស្គាល់ជាទូទៅថា Guccifer ដែលកំពុង​ជាប់ពន្ធនាគារ​ក្នុង​សហរដ្ឋអាមេរិកបានអះអាងថា ការចោទ​ប្រកាន់​របស់រដ្ឋបាល​ប្រធានាធិបតី​អាមេរិកជិត​ផុតអណត្តិ លោក បារ៉ាក់ អូបាម៉ា ដែលថា​រុស្ស៊ីបាន​ជ្រៀតជ្រែត​ចូលក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក កាលពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជារឿងមិនពិត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ថ្លែង​នៅក្នុង​បទសម្ភាសន៍​ពីពន្ធនាគារ​នៅថ្ងៃពុធ ម្សិលមិញ​ជាមួយ​ស្ថានីយ៍​ទូរទស្សន៍ Fox News លោក Guccifer បានសង្កត់ធ្ងន់ថា ការចោទប្រកាន់​ប្រឆាំងនឹង​រុស្ស៊ី​គឺជារឿង​មិនពិត ត្បិតវា​គ្រាន់តែ​ជាការព្រួយ​បារម្ភរបស់សហរដ្ឋអាមេរិកតែឯងប៉ុណ្ណោះ។ ជាងនេះទៅទៀត​ទីក្រុងមូស្គូ ក៏បានចាត់ទុក​ផងដែរថា​​ការចោទ​ប្រកាន់របស់​ទីក្រុង​វ៉ាស៊ីនតោន ជារឿងមិនទំនងទាល់​តែសោះ​ពោលគឺមានគោល​បំណង​ត្រឹមតែ​បង្វែរការ​ចាប់អារម្មណ៍នៃប្រជាជនអាមេរិកពីបញ្ហាដែលកំពុងកើតឡើងនៅក្នុងសហរដ្ឋ អាមេរិក។

ដោយឡែកជុំវិញ​ការចោទប្រកាន់នេះដែរ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បានសម្រេច​បណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ ព្រមទាំងបិទ​បេសកកម្មទូត​រុស្ស៊ីចំនួន ០២កន្លែង ក៏​ដូចជា​ដាក់ទណ្ឌកម្មលើ​ទីភ្នាក់ងារ​ចារកម្មរុស្ស៊ីចំនួន ០២ផងដែរ​ជាការឆ្លើយទៅនឹង​ការ​ជ្រៀតជ្រែត​របស់រុស្ស៊ី ចូលក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក បើទោះបី​ជា​ទីក្រុងមូស្គូបាន​បដិសេធក៏ដោយ។

គួរបញ្ជាក់ថា លោក ម៉ាសែល ឡេហែល ឡាហ្សា (Marcel Lehel Lazar​​) ឬមានរហ័ស្សនាម Guccifer ត្រូវបានតុលាការអាមេរិក​ផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ​ ៥២ខែកាលពី​ខែកញ្ញា ឆ្នាំ២០១៦ ពីបទ Hack​  Email​ មន្ត្រីអាមេរិក និងគណនីប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ពលរដ្ឋ​អាមេរិក ១០០នាក់៕