(អាមេរិក)៖ ប្រហោងខ្មៅបិសាច «Monster black holes» និងកញ្ចុំផ្កាយ Neutron និង Pulsars គឺជា​គោលដៅនៃបេសកកម្ម​កែវយឺតអវកាស​របស់ NASA នៅឆ្នាំ​២០២០​ ដែល​វានឹងត្រូវ​ចំណាយរហូត​​ដល់ទៅ​ ១៨៨លាន​ដុល្លារ​អាមេរិក​ឯណោះ។​ នេះបើតាម​ការចេញផ្សាយ​ពី​សារព័ត៌មាន​ Space ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ ទី០៥ ខែមករា​ ឆ្នាំ២០១៧។

បើតាមការសិក្សាកន្លងមក ប្រហោងខ្មៅ​អាចដុតកម្តៅ​ឧស្ម័នទាំងឡាយ ដែលស្ថិតនៅក្បែរវា​ដែលវាហេតុ​នាំឲ្យមាន​ការបញ្ចេញ​កាំរស្មី X-ray ចេញពីតំបន់​ដែល​ប្រហោង​ខ្មៅ​​វាយលុក។ បេសកកម្មថ្មី​របស់ NASA ដើម្បីចាប់យក​រូបភាព​នៃពន្លឺ X-ray ថ្មីនេះគឺនឹង​សម្រេចចេញ​ជាលទ្ធផល​តាមរយៈ ការបង្ហោះកែវយឺត​អវកាស​ចំនួនបីរួមគ្នា ដែល​មានបំពាក់កាមេរ៉ាថតរូប​នៅលើនោះ។

កែវយឺតអវកាសទាំងបីខាងលើនេះ​នឹងធ្វើការគណនា អំពីរលករំញ័រ និងពន្លឺ X-ray ដែលជះចេញពី​ប្រហោងខ្មៅ ដែលមានចម្ងាយ​រាប់រយរាប់​ពាន់ឆ្នាំ​ពន្លឺពីផែនដី​។ លោក Paul Hertz នាយកផ្នែក​បេសកកម្ម​​វិទ្យាសាស្ត្រ និងតារា​សាស្ត្ររបស់ NASA​ បានបញ្ជាក់​ដូច្នេះថា «បច្ចុប្បន្ន​យើងមិនអាច​ធ្វើការ​ថតយករូបភាព​​​ដោយ​ផ្ទាល់ ​ចំពោះអ្វីដែល​កំពុង​កើតមានឡើង​នៅក្បែរប្រហោងខ្មៅ​ និងតារា Neutron​ នោះឡើយ​ ប៉ុន្តែការជះ​នៃ​ពន្លឺ X-ray​ នឹងធ្វើឲ្យយើង​ដឹងអំពីផ្នែករូបវិទ្យា​ និងឥទ្ធិពល​នៃវត្ថុទាំងនោះ»

គួរបញ្ជាក់ថាទីភ្នាក់ងារអវកាសអ៊ីតាលី ក៏នឹងជួយ NASA ផងដែរនៅក្នុងការអភិវឌ្ឍប្រព័ន្ធកាមេរ៉ា ដែលអាច​មាន​សមត្ថភាព​ពិសេសក្នុង​ការថត និងគណនា​អំពីថាមពល X-ray ដែលជះចេញ​ពីប្រហោងខ្មៅ ហើយវា​នឹង​អាចបញ្ជាក់​អំពីទំហំ ព្រមទាំង​អាយុកាល​របស់ក៏​អាចថាបាន៕​