(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលចំពោះការលើកឡើងដែលថាខ្លួន បានព្យាយាម​ជ្រើសរើស​កងទ័ពឥណ្ឌូណេស៊ីពូកែៗ​ទុកឲ្យបម្រើការងារដោយមិនឲ្យទៅស្រុកវិញ ខណៈ​ដែលភាគី​ទាំងពីរ​កំពុង​ព្យាយាមស្ដារ​ឡើងវិញ​​នូវទំនាក់​ទំនង​​លើវិស័យយោធា បន្ទាប់ពីវា​ត្រូវបាន​ផ្អាកជា​បណ្ដោះអាសន្ន​ដោយសារតែ​កងទ័ពឥណ្ឌូណេស៊ី​រងការប្រមាថ​ នៅក្នុងអំឡុង​ពេល​ហ្វឹកហាត់​ជាមួយកងទ័ព​អូស្ត្រាលី ប៉ុន្តែអ្នកនំាពាក្យក្រសួង​ការពារជាតិ​ឥណ្ឌូណេស៊ីបានបញ្ជាក់ថា​មូលហេត​នៃការផ្អាកគឺ​បណ្ដាល​មកពីបញ្ហា​បចេ្ចកទេស។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ទំនាក់ទំនង​រវាង​អូស្ត្រាលី និងឥណ្ឌូណេស៊ី បានជួបភាពតានតឹងនារយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ បន្ទាប់ពី អាជ្ញាធរ​ទីក្រុងហ្សាការតា បានកាត់​ទោសប្រហារជីវិត​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជាជនជាតិអូស្ត្រាលី​ម្នាក់ ព្រមទាំងដោយសារ​នយោបាយ​របស់​អូស្ត្រាលី ក្នុងការ​បញ្ជូនជនភៀសខ្លួន​ត្រឡប់ទៅ​កាន់ឥណ្ឌូណេស៊ីវិញ។
ដោយឡែក​​ពាក់ព័ន្ធ​​នឹងការផ្អាក​​​​កិច្ចសហប្រតិ​​បត្តិការ​​​យោធា ស្ថានីយ៍​ទូរទស្សន៍​​អូស្ត្រាលី ABC​ នៅថ្ងៃព្រហស្បតិ៍​​​នេះ​បានរាយ​ការណ៍​​ពី​សេចក្ដី​ថ្លែង​​ការណ៍​មួយ របស់​ប្រមុខ​​​​យោធា​អូស្ត្រាលី លោក Gatot Nurmantyo​ ដែលបានថ្លែង​​​​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៦ថា​ លោកមាន​​​ការព្រួយ​បារម្ភ​​ខ្លាចក្រែង​​ទីក្រុង​​កង់បេរ៉ា​ ព្យាយាម​​ជ្រើសរើស​ទុកនូវ​កងទ័ព​ឥណ្ឌូណេស៊ី​​​ពូកែៗ ដែលត្រូវ​បញ្ជូន​ឱ្យទៅ​ហ្វឹកហ្វឺន​​នៅអូស្ត្រាលី។​​

លោក Gatot​ បានថ្លែងដូច្នេះថា «ជារៀងរាល់ឆ្នាំ​យើងតែងតែ​បញ្ជូនកងទ័ពពី ០៥ ទៅ ១០នាក់​ឱ្យទៅ​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​នៅអូស្ត្រាលី ហើយ​រឿងនេះ​បានកើតឡើង​នៅមុន​ពេលខ្ញុំ​ក្លាយជាប្រមុខ​យោធា (...) ប៉ុន្តែនៅពេល​ខ្ញុំក្លាយជា​ប្រមុខ​យោធា ខ្ញុំនឹងមិនឱ្យ​រឿងនេះ​កើតឡើងជាថ្មី​នោះទេ (...) ច្បាស់ណាស់​ពួកគេ នឹងត្រូវបានគេ​ជ្រើសរើស​ឱ្យបម្រើការងារ​នៅទីនោះ (អូស្ត្រាលី)។ ប៉ុន្តែយ៉ាងណា​ក៏ដោយរដ្ឋមន្រ្តី​​ការពារជាតិ​​អូស្ត្រាលី​ លោកស្រី​ Marise Payne​ បានបដិសេធ​​ដោយ​អះអាងថា អូស្ត្រាលី​​មិនមាន​គោលដៅ ឬបំណង​ជ្រើសរើស​​កងទ័ព​ឥណ្ឌូណេស៊ី ឱ្យបម្រើ​ការងារ​​ជាភ្នាក់ងារ​បស់ខ្លួន​នោះឡើយ។​

គួរបញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​យោធា​ដែលត្រូវបានផ្អាក​រវាង អូស្ត្រាលី និងឥណ្ឌូណេស៊ី​ក្នុងនោះរួមមាន ការធ្វើសមយុទ្ធយោធារួមគ្នា ការអប់រំ និងផ្លាស់ប្ដូរកម្មវិធី​បណ្ដុះបណ្ដាល​យោធាជាដើម៕