(ហាណូយ)៖ ចំនួនប្រជាជន​នៅក្នុងប្រទេស​វៀតណាម​ត្រូវបានព្យាករណ៍​ថា​ នឹងនៅតែ​បន្តកើន​ឡើង​ប៉ុន្តែក្នុងកំរិត​យឺតៗ ហើយនឹង​ឈាន​ដល់ ​១០០លាននាក់​នៅឆ្នាំ​២០២៥។ នេះបើយោង​តាមវិទ្យាស្ថាន​គ្រប់គ្រង​ និងនយោបាយ​សាធារណៈ (IPPM) ដែល​ចេញ​ផ្សាយ​​ដោយ​​ទីភ្នាក់ងារ​​​ព័ត៌​មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

​លោក Giang Thanh Long អគ្គនាយក IPPM ដែលស្ថិត​នៅក្រោម​សាកលវិទ្យាល័យ​សេដ្ឋកិច្ចជាតិ​នៃ​ទីក្រុងហាណូយ​បានថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ប្រទេសវៀតណាម​បានរក្សា​អត្រាកំណើន​ទាបដោយ​សារ​​តែ​ប្រជាជន​​ក្នុង​ស្រុក​​បាន​ទទួល​​ការ​អប់រំ​​ និង​មាន​ការ​យល់​ដឹង​​ច្បាស់​​អំពី​គុណ​​ប្រយោជន៍​នៃគ្រួសារ​ទំហំតូច​ ហើយប្រជាជន​នៅក្នុងប្រទេស​នឹងឈាន​ដល់ចំនួន​ ១១០លាននាក់នៅពាក់កណ្តាល​សតវត្ស​រ៍​​ទី២១នេះ។

អ្នកជំនាញដដែលបានបន្ថែមទៀតថា ប្រទេសនៅ​តំបន់អាស៊ី​អាគ្នេយ៍មួយនេះ​បានឈានជើង​ដល់ដំណាក់​កាល​មួយ ដែលនឹងប្រែក្លាយខ្លួន​ទៅជាប្រទេស​ដែលសម្បូរទៅ​ដោយប្រជាជន​មានវ័យចំណាស់​ចាប់ពី​ ៦៥ឆ្នាំ​ឡើងទៅ។ គួរបញ្ជាក់ថាបើយោងតាម​ស្ថិតិចុង​ក្រោយ​បំផុត​របស់ការិយាល័យ​ស្ថិតិ​ទូទៅ ចំនួន​ប្រជាជន​ជាមធ្យម​នៃប្រទេសវៀតណាម​នៅក្នុងឆ្នាំ​២០១៦​​ ត្រូវបានព្យាករណ៍ថាមានចំនួន ៩២.៧លាននាក់ ដែលចំនួន​បានកើនឡើង​ក្នុង​អត្រា ១.០៨ភាគរយ​ធៀបនឹងឆ្នាំ២០១៥៕