(តៃប៉ិ)៖ ប្រាក់សោធននិវត្តន៍​សម្រាប់​ផ្គត់​ផ្គង់​​វិស័យ​យោធា​​របស់កោះ​តៃ​វ៉ាន់​ អាចនឹង​ក្លាយជា​ការព្រួយ​បារម្ភ​ខ្ពស់​អំពីស្ថេរភាពនៃវិស័យ​ការពារជាតិ​​របស់កោះ​មួយ​នេះ នៅ​ពេល​ភាព​​តាន​​តឹង​​កំពុង​​​កើនឡើង​យ៉ាង​​​ក្តៅ​​គគុក​​ជាមួយ​​នឹង​​​ប្រទេស​ចិន​​ដែល​ជា​សត្រូវ​​នយោ​បាយ​​របស់​ខ្លួន។​ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន​ Channel News Asia​ នៅ​មុន​នេះ​​​បន្តិច​​នា​ព្រឹក​​​​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ការធ្វើកំណែទម្រង់​ទៅលើថវិកា​សោធននិវត្តន៍ គឺជាគោលដៅ​ចម្បងរបស់​ប្រធានាធិបតី​តៃវ៉ាន់លោកស្រី Tsai Ing-wen ខណៈ​មន្រ្តីយោធា​ជា​ច្រើននាក់​កំពុងមាន​ការភ័យ​ព្រួយ ​ហើយអន្ទះសារ​នៅមិនសុខ​នោះឡើយ តួយ៉ាងលោកឧត្តមសេនីយ៍ Hu Chu-Sheng ដែលជា​មន្រ្តី​យោធា​​ចូល​និវត្តន៍​​មួយរូបនោះ​បានលើកឡើងថា «នៅពេលដែល​កងទ័ព​មិនអាចផ្តោត​ការយកចិត្តទុក​ដាក់​ចំពោះតួនាទី​របស់​ពួកគេ វា​នឹង​ធ្វើ​ឲ្យ​​ប្រសិទ្ធភាព​​នៃ​​កម្លាំង​យោធា​របស់កោះតៃវ៉ាន់ធ្លាក់ចុះ ហើយពេលនោះ​ចិននឹងមានភាព​ងាយស្រួល​ជាខ្លាំងក្នុងការសង្រ្គប់​យកកោះ​តៃវ៉ាន់​ដោយ​មិន​ចាំ​​បាច់​ប្រឹង​នោះឡើយ»

គួរបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកថាតៃវ៉ាន់​គ្រាន់តែ​ជាខេត្តមួយ​របស់ខ្លួនប៉ុណ្ណោះ ហើយកោះមួយនេះ​គួរតែវិលមករួបរួម​ដោយស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​​​ទីក្រុងប៉េកាំងវិញ ទោះបីជាចាំបាច់​ត្រូវប្រើប្រាស់​កម្លាំងបង្ខំយ៉ាងណាក្តី ក៏ប៉ុន្តែបច្ចុប្បន្នកោះតៃវ៉ាន់​នៅតែធ្វើ​ការគ្រប់គ្រង​រដ្ឋបាល​ដោយខ្លួនឯង​​ដោយ​រដ្ឋាភិបាល​ថ្មីរបស់​លោកស្រី Tsai​ ក៏បានជាប់ឆ្នោត​ដោយសារតែ​លោកស្រីផ្ទាល់​ មានទំនោរទាមទារ​​ឯករាជ្យពេញលេញ​សម្រាប់កោះ​នេះផងដែរ៕​