(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចារកម្មអាមេរិកអះអាងថាខ្លួន ទទួលបានភស្ដុតាងចុងក្រោយ​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដែលអាចបញ្ជាក់បានថា​រុស្ស៊ី​ពិតជាបាន​វាយប្រហារផ្នែក​ព័ត៌មានវិទ្យា លើមន្ត្រីនៃគណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ នៃគណបក្ស​ប្រជាធិបតេយ្យ​ដោយផ្ដល់ឯកសារ និងសារ​អេឡិចត្រូនិច (Email) ទៅឱ្យ​គេហទំព័រ Wikileaks តាមរយៈភាគីទីបី។​ នេះបើតាមសម្តី​មន្ត្រីអាមេរិក​បីរូប ដែលដកស្រង់ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ក្រោយពេលរឿងអាស្រូវ Email របស់លោក​ស្រី គ្លីនតុន ​ផ្ទុះឡើងជាថ្មី​នៅអំឡុង​ខែតុលា ឆ្នាំ២០១៦ ទីភ្នាក់ងារ​ចារកម្មអាមេរិក​រួមមានទាំង CIA បានសន្និដ្ឋានថា​ទីភ្នាក់ងារចារកម្មរុស្ស៊ី​បានដឹកនាំ​ដោយផ្ទាល់ ការវាយប្រហារផ្នែក​ព័ត៌មានវិទ្យា ក៏ប៉ុន្តែពួកគេមិនទាន់មាន​ភស្ដុតាងជាក់លាក់បញ្ជាក់ថា​ទីក្រុងមូស្គូ​បាន​គ្រប់​គ្រង​ការបញ្ចេញព័ត៌មាន​ដែលធ្វើឱ្យប៉ះពាល់ដល់​ប្រជាប្រិយភាព​របស់​លោកស្រី គ្លីនតុន ដើម្បីជួយ​ឱ្យលោក ត្រាំ ឈ្នះឆ្នោតនោះទេ ខណៈរុស្ស៊ី​និងលោក ត្រាំ បានបដិសេធ​ចំពោះការ​លើកឡើង​ទាំងនេះ។

ចំណែកឯស្ថាបនិកគេហទំព័រ Wikileaks លោក ជូលាន អាសសាន (Julian Assange) ក៏បាន​ថ្លែង​បដិសេធ​ក្នុងបទសម្ភាសន៍​ជាមួយ​ស្ថានីយ៍​ទូរទស្សន៍ Fox News ថាលោក​មិនបាន​ទទួល Email ដែលត្រូវ​បានគេ​លួចពី​គណៈកម្មាធិការជាតិប្រជាធិបតេយ្យ និង​ប្រធានយុទ្ធនាការ​បោះឆ្នោត​របស់លោកស្រី គ្លីនតុន គឺលោក ចន ប៉ូដេស្តា (John Podesta) តាមរយៈរដ្ឋជាភាគីទីបី​នោះឡើយ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ជូលីយៀន ក៏មិនបាន​បដិសេធដែរ​ពីលទ្ធភាព​ដែលលោក​ទទួលបាន Email ​លោកស្រី គ្លីនតុន ពីភាគីទីបី។

បើតាមមន្ត្រី​អាមេរិក​ទាំងបីរូប​ខាងលើ របាយការណ៍ស៊ើបអង្កេត​នឹងត្រូវដាក់ជូន​លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍នេះ និងលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រស្អែក (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ហើយគ្រប់គ្នាកំពុងរង់ចាំការយល់ឃើញពីលោក អូបាម៉ា និងលោក ត្រាំ ផងដែរ។

គេហទំព័រ Wikileaks ធ្លាប់បានគូសបញ្ជាក់ថា Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ចេញពី​កន្លែងផ្ទុកទិន្នន័យ​ជាតិអាមេរិក (Server) ដោយចៃដន្យនោះទេ ពោលគឺវា​អាចត្រូវបានលួច ឬក៏បំផ្លាញចោល ដោយក្រុមបុគ្គលិក​ផ្នែកព័ត៌មានវិទ្យា (IT) របស់​ប្រធានាធិបតី​អាមេរិក​​ជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា។ ព្រមពេលជាមួយគ្នា Wikileaks ក៏បានសន្យាផងដែរថា នឹងផ្ដល់ប្រាក់​រង្វាន់ ២០,០០០ ដុល្លារអាមេរិក សម្រាប់ជន​ណាក៏ដោយ​ឱ្យតែ​អាចបង្ហាញពី​​ភស្ដុតាងជុំវិញ​ការអះអាង។

យោងតាមគេហទំព័រ Wikileaks, Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន កាលនៅជារដ្ឋមន្ត្រី​ការបរទេសអាមេរិក ស្រាប់តែបាត់​ចេញពីកន្លែងផ្ទុកទិន្នន័យ​ឯកសារជាតិអាមេរិក។ Wilikeaks បានសរសេរនៅលើ Twitter ដូច្នេះថា «Hard disk 2 TB ស្ដុកទុកទិន្នន័យសារអេឡិចត្រូនិច របស់​លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែន​បាត់ដោយចៃដន្យ​នោះទេ ប៉ុន្តែវាត្រូវបានគេលួច ប្រហែល​ជាកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ ដូច្នេះហើយ Wikileaks នឹងផ្ដល់ប្រាក់​សុទ្ធ២០,០០០ដុល្លារអាមេរិក សម្រាប់​ជនណាក៏ដោយ ឱ្យតែមានព័ត៌មាន ឬក៏ភស្ដុតាងពាក់ព័ន្ធនឹង មនុស្សដែលបានប្រពឹត្តិបទឧក្រិដ្ឋនេះ»

គួររំលឹកថា រឿងអាស្រូវប្រើប្រាស់ Email ឯកជន របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើឱ្យប្រជាប្រិយភាពអតីតជំទាវទីមួយរូបនេះធ្លាក់ចុះយ៉ាងខ្លំាង ក្នុងការប្រកួត​ប្រជែង​យកតំណែង​ជាប្រធានាធិបតី​អាមេរិក​ជាមួយលោក ដូណាល់ ត្រាំ៕