(វ៉ាស៊ីនតោន)៖ គេហទំព័រ Wikileaks បានគូសបញ្ជាក់ថា Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែនបាត់ចេញពី​កន្លែងផ្ទុកទិន្នន័យ​ជាតិអាមេរិក (Server) ដោយចៃដន្យនោះទេ ពោលគឺវា​អាចត្រូវបានលួច ឬក៏បំផ្លាញចោល ដោយក្រុមបុគ្គលិក​ផ្នែកព័ត៌មានវិទ្យា (IT) របស់​ប្រធានាធិបតី​អាមេរិក​​ជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា។ ព្រមពេលជាមួយគ្នា Wikileaks ក៏បានសន្យាផងដែរថា នឹងផ្ដល់ប្រាក់​រង្វាន់ ២០,០០០ ដុល្លារអាមេរិក សម្រាប់ជន​ណាក៏ដោយ​ឱ្យតែ​អាចបង្ហាញពី​​ភស្ដុតាងជុំវិញ​ការអះអាង នេះបើតាម​ការចេញផ្សាយ​របស់សារព័ត៌មាន Sputnik នៅយប់​ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

យោងតាមគេហទំព័រ Wikileaks, Hard disk ដែលផ្ទុកទិន្នន័យសារអេឡិចត្រូនិច (Email) របស់លោកស្រី ហ៊ីលឡារី គ្លីនតុន កាលនៅជារដ្ឋមន្ត្រី​ការបរទេសអាមេរិក ស្រាប់តែបាត់​ចេញពីកន្លែងផ្ទុកទិន្នន័យ​ឯកសារជាតិអាមេរិក។ Wilikeaks បានសរសេរនៅលើ Twitter ដូច្នេះថា «Hard disk 2 TB ស្ដុកទុកទិន្នន័យសារអេឡិចត្រូនិច របស់​លោកស្រី ហ៊ីលឡារី គ្លីនតុន មិនមែន​បាត់ដោយចៃដន្យ​នោះទេ ប៉ុន្តែវាត្រូវបានគេលួច ប្រហែល​ជាកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។ ដូច្នេះហើយ Wikileaks នឹងផ្ដល់ប្រាក់​សុទ្ធ២០,០០០ដុល្លារអាមេរិក សម្រាប់​ជនណាក៏ដោយ ឱ្យតែមានព័ត៌មាន ឬក៏ភស្ដុតាងពាក់ព័ន្ធនឹង មនុស្សដែលបានប្រពឹត្តិបទឧក្រិដ្ឋនេះ»។

គួររំលឹកថា រឿងអាស្រូវប្រើប្រាស់ Email ឯកជន របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើឱ្យប្រជាប្រិយភាពអតីតជំទាវទីមួយរូបនេះធ្លាក់ចុះយ៉ាងខ្លំាង ក្នុងការប្រកួត​ប្រជែង​យកតំណែង​ជាប្រធានាធិបតី​អាមេរិក​ជាមួយលោក ដូណាល់ ត្រាំ៕