(បាងកក)៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ​ក្នុងអំឡុងនៃ​រដូវកាលឈប់សម្រាក​ចំនួន ០៦ថ្ងៃនា​​ឱកាស​​ចូល​​​​​ឆ្នាំ​សកលដោយគិត​ចាប់ពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧​​ បាន​បណ្តាល​ឲ្យមានមនុស្ស​ស្លាប់ចំនួន​ដល់ទៅ ៤២៦នាក់ និងរងរបួសចំនួន ៣,៧៦១នាក់​។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ Thirawat Boonyawat អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​ដើម្បីសន្តិភាព​ និងសណ្តាប់​បានឲ្យ​ដឹង​នៅ​ថ្ងៃពុធ​នេះថា ចំនួនមនុស្ស​បាត់បង់ជីវិត​និងរងរបួស​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣,៥៧៩ករណី​ដែលបាន​កើតឡើង​នៅទូទាំង​ផ្ទៃប្រទេស នៅ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​​នេះ ភាគច្រើន​បានបណ្តាល​មកពី​ការបើកបរ​​ហួសល្បឿន​កំណត់​​របស់​អ្នកប្រើប្រាស់យានយន្ត ក្នុង​អំឡុង​​ថ្ងៃ​ឈប់​​សម្រាក​ដែល​មាន​​រយៈ​ពេល​ដ៏យូរនេះ។

ជាមួយគ្នានេះដែរ​​អាជ្ញាធរថៃ​បានរឹបអូស​យានជំនិះ​ចំនួន​ ៤,២០៨គ្រឿង​ពីព្រោះតែ​អ្នកបើកបរ​បាន​​បញ្ជា​យានយន្ត​របស់​ពួកគេ​​ដោយ​ស្ថិត​នៅ​ក្រោមឥទ្ធិពល​​នៃជាតិ​ស្រវឹង ហើយនៅក្នុង​នោះ​មានម៉ូតូ​ចំនួន ២,៩៦៥​គ្រឿង និងរថយន្ត​ចំនួន ១,២៤៣គ្រឿង។ បន្ថែមពីនេះប៉ុស្តិ៍​ត្រួតពិនិត្យ​​​ចរាចរណ៍​ជាង ២,០០០កន្លែង​ក៏ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ​​ផងដែរ ដើម្បីសង្ឃឹមថា​នឹង​អាច​រារាំង​អ្នកបញ្ជា​យាន​ជំនិះ​មួយចំនួនកុំឲ្យ​បើកបរទាំងស្ថិតនៅក្នុងភាពស្រវឹង ឬមួយក៏ទាំងអស់កម្លាំង​ដោយសារតែខ្វះ​ការ​សម្រាក ហើយអាជ្ញាធរថៃ​ថែមទាំងបាន​ជំរុញឲ្យ​អ្នកធ្វើដំណើរ​​តាមដងផ្លូវ​ទាំងអស់ចូលរួមគោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ម៉ឹងម៉ាត់​ក្នុងអំឡុងពេល​មានបុណ្យទាន​ឈប់សម្រាក​​នានា។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍​ដែលអាក្រក់​ជាងគេបំផុតសម្រាប់ប្រទេសថៃ​នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ គឺជាការបាត់បង់អាយុជីវិតមនុស្ស​ ២៥នាក់ក្រោយពេល​ដែល​រថយន្ត​ដឹកអ្នកដំណើរ​មួយគ្រឿង​ដែលបើកបរ​ក្នុងល្បឿន​ដ៏លឿន បានជ្រុលទៅបុកចំពេញ​ទំហឹ​​ជាមួយនឹង​រថយន្តមួយបាំង​កន្លះមួយ​គ្រឿងផ្សេង​ទៀតហើយ​បានផ្ទុះឆេះ​ខ្ទេចខ្ទីទាំងអ្នកជិះ នៅលើដងផ្លូវមួយកន្លែង​ក្នុង​ខេត្ត​ឈុន​បុរី​​នា​ថ្ងៃ​ចន្ទ​ដើម​​សប្តាហ៍​នេះ៕