(បាងកក)៖ ឧបនាយករដ្ឋមន្រ្តីថៃ​​លោក Prawit Wongsuwan បានថ្លែង​បញ្ជាក់​អះអាង​​សាជាថ្មី​​នៅថ្ងៃពុធ​នេះថា​ ការបោះឆ្នោត​​ជាតិ​នឹងត្រូវប្រា​រព្ធ​ឡើង​​នៅក្នុង​ឆ្នាំ២០១៧​នេះ ដោយគ្មាន​ការផ្លាស់ប្តូរអ្វីទាំងអស់​បន្ទាប់​ពី​​មន្ទិលសង្ស័យ​ជុំវិញបញ្ហា​ដ៏សំខាន់នេះ ត្រូវបានបង្កឡើង​ដោយ​​​សមាជិក​​នៃរដ្ឋសភាថៃ។ នេះបើ​តាមការ​ចេញ​ផ្សាយដោយ​សារ​ព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

លោក Prawit បានថ្លែងប្រាប់​​ក្រុមអ្នកយក​ព័ត៌មាន​​នៅក្នុង​ទីក្រុងបាងកក​​យ៉ាង​ដូច្នេះថា «ពួកយើង​មិនអាច​​លើក​កាល​បរិច្ឆេទ​នៃការបោះឆ្នោត​​ជាតិ​​បានឡើយ ព្រោះថា​វា​មាន​ពេល​​វេលា​កំណត់​ច្បាស់​លាស់​​​របស់វាមិន​អាច​​ចេះតែផ្លាស់ប្តូរ​បាននោះទេ ហើយអ្វីដែលរដ្ឋ​សភា​ជាតិ​បាន​និយាយគឺ​ជាបញ្ហា​របស់ពួកគេ»

គួរបញ្ជាក់ថា សមាជិកមួយ​រូប​របស់រដ្ឋសភា​ដែលត្រូវបាន​បង្កើតឡើង​ដោយរដ្ឋាភិបាល​យោធា​ថៃ​របស់​លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅថ្ងៃចន្ទ​ដើមសប្តាហ៍​ដដែលនេះ​ថា​ការបោះឆ្នោតជាតិ ដែលនឹងនាំ​​យកការ​ដឹកនាំ​បែប​ស៊ីវិល​​មកកាន់ប្រទេសថៃវិញ បន្ទាប់​ពីការធ្វើរដ្ឋប្រហារ​កាល​ពី២០១៤នោះ នឹងត្រូវតែធ្វើការ​ពន្យាពេល​រហូត​ដល់​ឆ្នាំ២០១៨ ដើម្បីអនុញ្ញាត​​ឲ្យមានការសម្រួលច្បាប់​​ដែលចាំបាច់​ក្នុងការប្រើប្រាស់​នៅអំឡុងយុទ្ធនាការ​បោះឆ្នោត៕