(អាមេរិក)៖ ប្អូនស្រីបង្កើត​របស់អតីត​កំពូលតារាចម្រៀង​អាមេរិក Michael Jackson ឈ្មោះ Janet Jackson នាថ្ងៃពុធនេះ​ទើបតែ​សម្រាលបាន​​កូន​​ជាលើកដំបូង បំផុតនៅ ក្នុងវ័យចំណាស់ ៥០ឆ្នាំទៅហើយ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នា​ព្រឹកថ្ងៃពុធ ទី០៣ ខែមករា​ ឆ្នាំ២០១៧។

អ្នកតំណាង​របស់​លោកស្រី Janet ដែលមាន​អាជីព​ជាតារាចម្រៀង​ដូចបងប្រុសដែរ​នោះ​បានថ្លែងប្រាប់​ទស្សនាវដ្តី People ដូច្នេះថា «លោកស្រី Janet Jackson និងស្វាមី លោក Wissam Al Mana មាន​អារម្មណ៍​រំភើបញាប់ញ័រ ​និងសប្បាយរីករាយក្រៃលែង​ក្នុងការទទួល​ស្វាគមន៍ កូនប្រុស​របស់ពួកគេ​ដែលមាន​ឈ្មោះថា Eissa Al Mana មកកាន់ពិភពលោកនេះ ខណៈការសម្រាល​បុត្រ​របស់លោកស្រី Janet ​បានប្រព្រឹត្តទៅយ៉ាងរលូន​ដោយគ្មានបញ្ហាអ្វី​ឡើយ ហើយលោកស្រី​ក៏កំពុងតែសម្រាក​យកកម្លាំង​ប្រកប​ដោយផាសុខភាព​ជាទីបំផុតដែរ»

គួរបញ្ជាក់ថា លោកស្រី Janet Jackson និងស្វាមី Al Mana ដែលជាអ្នកជំនួញជនជាតិ Qatari បានរៀបអាពាហ៍ពិពាហ៍​ជាមួយគ្នា​កាលពី​ឆ្នាំ២០១២ ហើយលោកស្រីពុំបាន​បញ្ជាក់លម្អិត​អំពីការពពោះ​របស់លោកស្រី ឬមួយក៏កន្លែងសម្រាលបុត្រនោះឡើយ ខណៈដែលអាជីពជាអ្នកចម្រៀងរបស់លោកស្រី​ក៏ហាក់មានភាពស្ងប់ស្ងាត់​រួចទៅ ហើយដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ក្រោយលោកស្រី​រៀបការនោះ៕