(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតរថយន្ត Ford Motor ​បានប្រកាសថា​​នឹងលុបចោល​​គំរោងនៃ​​ការសាងសង់​រោងចក្រ​​​មួយកន្លែង​​ដែល​មាន​​តម្លៃ ​១.៦ពាន់លានដុល្លារនៅក្នុង​ប្រទេសម៉ិចស៊ីកូ​ហើយងាក​មកធ្វើការ​បណ្តាក់ទុន​វិនិយោគ​ចំនួន ៧០០លានដុល្លារ​ទៅលើរោងចក្រ​មួយកន្លែង​​ទៀត​នៅ​ក្នុងរដ្ឋ Michigan នៃ​សហរដ្ឋអាមេរិកវិញ​ក្រោយពេលដែល​ប្រធានាធិបតី​អាមេរិកជាប់​ឆ្នោតលោក ដូណាល់ ត្រាំ បានរិះគន់យ៉ាង​​ចាស់​ដៃ​ចំពោះផែនការវិនិយោគ​នៅម៉ិចស៊ីកូ។ នេះបើតាមការដកស្រង់​ចេញពី​ទីភ្នាក់ងារព័ត៌មាន ​Reuters នៅមុននេះបន្តិច​នា​ព្រឹក​​ថ្ងៃពុធ ​ទី០៤ ខែមករា ឆ្នាំ២០១៧។

ប្រភពព័ត៌មាន​ដដែលបានឲ្យដឹងទៀតថា​ក្រុមហ៊ុនផលិតរថយន្ត​ដ៏ធំ​លំដាប់​ថ្នាក់លេខពីរ​របស់សហរដ្ឋអាមេរិក​មួយនេះនឹងធ្វើការផលិតយាន​ជំនិះដែលអាចបើកបរ​ដោយស្វ័យប្រវត្តិ ហើយដើរដោយថាមពលអគ្គិសនី នៅឯរោងចក្រដែលស្ថិតក្នុងទីក្រុង Flat Rock រដ្ឋ Michigan ខណៈ​ក្រុមហ៊ុន​នឹង​បង្កើត​ការងារ​ចំនួន​ ៧០០កន្លែង​បន្ថែមទៀតផងដែរ។

ដោយឡែក​នាយកប្រតិបត្តិ​ក្រុមហ៊ុន Ford លោក Mark Fields បានគូសបញ្ជាក់ថា​ការសម្រេចចិត្ត​លុបចោល​គំរោង​សាងសង់​រោងចក្រ​ថ្មី​នៅ​ម៉ិចស៊ីកូនេះ គឺបណ្តាល​មកពី​ការធ្លាក់​ចុះយ៉ាងខ្លាំង​នៃតម្រូវការ​រថយន្ត​ខ្នាត​តូច​នៅទ្វីប​អាមេរិកខាងជើង ហើយវាមិនមែនមកពីលោក ដូណាល់​​​ ត្រាំ ត្រូវបាន​ប្រជាជន​អាមេរិក​បោះឆ្នោត​ជ្រើសរើស​ធ្វើជាប្រធានាធិបតីនោះឡើយ ដោយលោក Fields បានថ្លែងប្រាប់ក្រុមអ្នកសារ​ព័ត៌​មាន​ថា​ការសម្រេច​ចិត្ត​របស់ក្រុមហ៊ុន Ford នឹងមិនផ្លាស់ប្តូរឡើយទោះបីជាលោក ត្រាំ ពុំបានជាប់ឆ្នោតក៏ដោយ។
លោក Mark Fields បាន​និយាយដូច្នេះថា «វាពុំមែន​ជា​ការលះបង់​ដើម្បីទទួល​បាន​ផលប្រយោជន៍​អ្វីផ្សេងជា​ការតបស្នង​នោះទេ ព្រោះ​ថា​ក្រុម​ហ៊ុន​យើង​មិន​មាន​កិច្ច​​ចរចា​ណាមួយជា​មួយ​លោក ដូណាល់ ត្រាំ ជុំវិញការ​សម្រេចចិត្ត​លុបចោល​គំរោង​នៃរោងចក្រថ្មី​នេះឡើយ»។

គួរបញ្ជាក់ដែរថា ក្នុងអំឡុង​ពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក ដូណាល់ ត្រាំ តែងតែ​បាននិយាយ​ហើយ​និយាយ​ទៀតថា បើសិនជា​លោក​ឈ្នះឆ្នោតលោក​​នឹងមិន​អនុញ្ញាតឲ្យក្រុមហ៊ុន Ford បើករោងចក្រថ្មី​នៅក្នុង​ប្រទេស​ម៉ិចស៊ីកូជាដាច់ខាត ដែលទង្វើនេះត្រូវបានលោក ត្រាំ ហៅថាជា​ការអាម៉ាស​ដ៏ធំមួយ​សម្រាប់​សហរដ្ឋ​អាមេរិក ហើយ​បានអះអាងថានឹងបង្កើនពន្ធនាំចូលយ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ​រថយន្ត Ford ដែល​នាំចូលក្នុង​ប្រទេស។

ម៉្យាងវិញទៀតលោក ដូណាល់ ត្រាំ ដែលបាន​ប្តេជ្ញាយ៉ាងមុតមាំ​ថា​នឹងនាំយក​ការងារ​របស់ប្រជាជន​អាមេរិក​ដែល​បានហូរ​ចេញទៅ​ក្រៅ​ប្រទេសហើយថែមទាំងថា​នឹង​ចាត់វិធានការ​តឹងរ៉ឹង ​ចំពោះជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​ម៉ិចស៊ីកូនោះ នឹងស្បថចូលកាន់តំណែង​ជា​ប្រធានាធិបតី​​ទី ៤៥ នៃសហរដ្ឋអាមេរិក​នៅ​ថ្ងៃទី២០ ខែមករា ខាងមុខនេះហើយ៕