(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បៀល គ្លីនតុន និងភរិយាគឺលោកស្រី ហ៊ីលឡារី គ្លីនតុន នឹងមានវត្តមានចូលរួមក្នុង​ពិធីតែងតាំង​លោក ដូណាល់ ត្រាំ ជាប្រធានាធិបតី​អាមេរិក​ទី ៤៥ ខណៈ​អតីត​ប្រធានាធិបតី លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush)​ រួមទាំងភរិយាគឺលោកស្រី ឡូរ៉ា ក៏បានប្រកាសពីគំរោង​ចូល​ក្នុង​ពិធីនេះដែរ​ដោយថែមទាំងនិយាយ​ទៀតថា អ្នកទាំងពីរចង់ធ្វើជា​សាក្សី​នៃការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន BBC ​នៅ​ព្រឹក​ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ត្រាំ បានផ្ដួល​លោកស្រី​ គ្លីនតុន និងធ្លាប់បានរិះគន់​លោក ប៊ូស យ៉ាង​ចាស់​ដៃ​ពាក់ព័ន្ធនឹង​ការធ្វើសង្រ្គាម​នៅអ៊ីរ៉ាក់ ក៏ដូចជាមហាភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ដោយឡែក​​អតីត​ប្រធានាធិបតី​​អាមេរិកទី ៣៩ លោក​ ជីមមី ខាតធឺ ក៏បាន​សម្រេចចិត្តចូលរួមដែរក៏ប៉ុន្តែ លោក ចច ប៊ូស (George Bush) មានអាយុ ៩២ឆ្នាំ ដែលត្រូវជាឪពុក​លោក ប៊ូស ប្រកាសថា​លោកនឹងមិនទៅ​ចូលក្នុងពិធីតែងតាំងលោកត្រាំ នោះទេ ដោយសារតែបញ្ហា​សុខភាព។

គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ នឹងស្បថចូល​កាន់តំណែងជា​ប្រធានាធិបតី​អាមេរិកទី៤៥ នៅឯវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ២០ ខែមករា ខាង​មុខនេះ៕