(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការរិះគន់ចំពោះ​​ការបោះជំហ៊ាន​ថ្មីមួយរបស់​សភា​​ជាតិ​អាមេរិក ​​ក្នុងការចាត់វិធាន​ការ​សំដៅ​កាត់បន្ថយឥទ្ធិពលរបស់គណៈកម្មការឯករាជ្យទទួលបន្ទុកឃ្លាំមើល​​ក្រមសីលធម៌​ ដែល​ប្រការ​នេះនឹង​ផ្តល់​ឲ្យ​អ្នក​តំណាងរាស្រ្តទាំងអស់នូវសិទ្ធិគ្រប់គ្រង យ៉ាងធំធេងទៅលើគណៈកម្មការឯករាជ្យមួយនេះ ដែលមានតួនាទី​តាមដាន ​និង​ស៊ើប​អង្កេតលើការប្រព្រឹត្តក៏ដូចជា អាកប្បកិរិយារបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter តាមរយៈគណនីផ្លូវការលោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «ជាមួយនឹងអ្វីៗទាំង​ឡាយ​ដែល​សមាជិកសភា ត្រូវធ្វើការចាត់ចែង តើចាំបាច់ណាស់ឬយ៉ាងណាដែលពួកគេត្រូវតែសម្រេចកាត់បន្ថយអំណាច​របស់​គណៈ​កម្ម​ការ​ឯករាជ្យ​ឃ្លាំមើលក្រមសីលធម៌ ទោះបីជាវាពុំសូវមាន​តម្លាភាពក្តី»

គួរបញ្ជាក់ថា នាយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) សភាជាតិអាមេរិកដែលគ្រប់គ្រង ទៅ​ដោយ​សមា​ជិក​គណ​បក្ស​សា​​ធា​រ​ណ​រដ្ឋ​ បានបោះឆ្នោតនៅក្នុងសំឡេង ១១៩-៧៤ ក្នុងអំឡុងនៃកិច្ចប្រជុំសម្ងាត់មួយ ដើម្បីគាំទ្រសំណើរបស់អ្នកតំណាងរាស្រ្ត​នៃរដ្ឋ Virginia មកពីបក្សសាធារណរដ្ឋគឺលោក Bob Goodlatte ដែលនឹងទម្លាក់ឥទ្ធិពលរបស់ការិយាល័យឯករាជ្យ នៃក្រមសីលធម៌សភា ឲ្យស្ថិតនៅ​ក្រោមការគ្រប់គ្រងរបស់សមាជិកសភាទៅវិញ ហើយទង្វើនេះបានធ្វើមានការខឹងសម្បារ និងមិនពេញចិត្តជាខ្លាំងនៅក្នុងចំណោម​អ្នកតំណាងរាស្រ្ត នៃបក្សប្រជាធិបតេយ្យ និងអង្គការឃ្លាំមើលក្រមសីលធម៌ផ្សេងៗដទៃទៀត៕