(អ៊ីស្តង់ប៊ុល)៖ ជនបរទេសចំនួនពីរនាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងប៉ូលិសតួកគី នៅឯអាកាសយានដ្ឋាន Ataturk ដោយសង្ស័យថាមាន​ជាប់ពាក់ព័ន្ធ​ជាមួយករណី​វាយប្រហារដោយការបាញ់រះ ដែលបានសម្លាប់ជីវិតមនុស្សសរុបចំនួន៣៩នាក់​នៅក្នុងក្លឹប​កម្សាន្ត​ពេល​រាត្រី​មួយ​កន្លែងក្នុងទីក្រុងអ៊ីស្តង់ប៊ុលនាយប់ថ្ងៃឆ្លងឆ្នាំសកល ខណៈខ្មាន់កាំភ្លើង​ត្រូវបានគេជឿជាក់​ថាប្រហែលជាធ្លាប់​បានទទួល​ការ​ហ្វឹក​ហ្វាត់​​នៅ​ក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ខ្មាន់កាំភ្លើងដែលបានប្រព្រឹត្តអំពើដ៏ឃោរឃៅរនេះ កំពុងតែស្ថិតនៅក្រៅសំណាញ់​ច្បាប់​នៅឡើយ បន្ទាប់​ពី​​បាន​រត់​គេច​ខ្លួន​បាត់​​ពី​កន្លែង​កើ​ត​ហេតុ​ភ្លាមៗ​​នៅ​ពេល​ភាព​ចលា​ចល​បាន​​​ផ្ទុះ​​ឡើង ហើយបើយោងតាម​សារព័ត៌មានតួកគី Haberturk ការស៊ើប​អង្កេត​រ​បស់​ប៉ូលិស​​បាន​លាត​ត្រដាង​ថា​ ជន​ប្រដាប់​​អាវុធ​ម្នាក់​នេះ​បាន​​ធ្វើ​ដំណើរ​ពីស៊ីរី​ចូល​មក​ក្នុង​​ប្រទេស​តួក​គី​ ហើយឆ្ពោះទៅកាន់ទីក្រុង Konya ដែល​ស្ថិត​នៅ​​ភាគ​កណ្តាល​ប្រទេស​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នេះ​ ​ដោយបានអមដំណើរ​ទៅជាមួយភរិយា​និងកូនៗចំនួនពីរនាក់​ផ​ងដែរ ដើម្បី​កុំ​ឲ្យ​មាន​ការ​សង្ស័យ​ផ្សេងៗ។

ជាមួយគ្នានេះដែរប្រភពមួយពីកម្លាំងការពារសន្តិសុខជាតិតួកគីបានបង្ហើបឲ្យដឹងទៀតថា «ជនដៃដល់នោះបានបទពិសោធន៍ក្នុង​ការប្រយុទ្ធ​គ្នាយ៉ាងជាក់ច្បាស់... គេប្រហែលជា​អាចធ្លាប់បានធ្វើការប្រយុទ្ធតតាំងគ្នានៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំណាស់មក​ហើយ» ខណៈមនុស្សចំនួន០៨នាក់​ហើយត្រូវបានចាប់ខ្លួន​ជុំវិញករណីភេរវកម្មនេះ។

គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាម ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកដែលនៅពីក្រោយខ្នងនៃអំពើភេរវកម្ម នាយប់ថ្ងៃឆ្លងឆ្នាំសកល នៅ​ឯ​ក្លឹប​កម្សាន្ត​ពេលរាត្រីដ៏ធំ​មួយឈ្មោះថា Reina ក្នុងទីក្រុងអ៊ីស្តង់ប៊ុល​នៃប្រទេសតួកគី នៅចំពេលដែលមនុស្ស​រាប់រាយកំពុងជួបជុំ​គ្នា​យ៉ាង​​សប្បាយ​រីក​រាយ​ដើម្បី​​រង់ចាំ​អប​អរ​​ឱ​កាស​​ចូល​ឆ្នាំថ្មី៕​