(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសារភាពថា​សាច់ញាតិរបស់លោក​មួយចំនួន បានចូលដៃចូល​ជើងជាមួយក្រុម ISIS​ ក៏ប៉ុន្តែព្រមពេលជា​មួយគ្នាលោកនៅតែ​ដាក់​បញ្ជា​ឱ្យអាជ្ញាធរ​​តាមប្រមាញ់​អ្នក​ទំាងនេះរហូតដល់ទីបំផុត។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយសារព័ត៌មាន​នៅក្នុងស្រុក The Manila Shimbun លោក ឌូតឺតេ បានថ្លែង​យ៉ាង​ដូច្នេះថា «ជាការពិត! ខ្ញុំពិតជាសោកស្ដាយ... សោកស្ដាយខ្លាំងណាស់! ... អ្នកគឺអ្នក ខ្ញុំគឺខ្ញុំ។ ក៏ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​បានដឹងយ៉ាង​ច្បាស់ថា​ខ្ញុំធ្វើការងារដើម្បី​ប្រទេសជាតិ មិនមែន​ធ្វើការ​បម្រើក្រុមគ្រួសារ​សាច់ញាតិ​ខ្លួនឯង​នោះទេ»។​

ទនឹ្ទមគ្នានោះដែរ​បើតាមលោក ឌូតឺតេ ក្រុម​គ្រួសារសាច់ញាតិរបស់លោក​​ដែលបានចូលរួមជាមួយក្រុម ISIS គឺជាបងប្អូនជីដូនមួយរបស់លោក ដោយក្នុងនោះមានអ្នកខ្លះ​ជាសមាជិក​ក្រុមរណសិរ្ស​អ៊ីស្លាមម៉ូរូ (Front Moro Islamique​) ខណៈអ្នកផ្សេងទៀត​បានចុះចូលជាសមាជិកក្រុម ISIS​។

ទោះជាយ៉ាងនេះក្ដីប្រធានាធិបតីហ្វីលីពីន​រូបនេះ​បានធានាថា រដ្ឋាភិបាលរបស់លោក​​នឹងប្រើប្រាស់​គ្រប់លទ្ធភាព​តាម​ដែលធ្វើទៅបាន ដើម្បីកម្ចាត់ក្រុមឧក្រិដ្ឋជន​និងភេរវករ​នៅទូទាំង​ប្រទេស៕