(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យ​ប្រធានាធិបតីអាមេរិក​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានថ្លែងថាគ្មាន​ភស្ដុតាង​ណាមួយអាច​បញ្ជាក់ថា រុស្ស៊ីបានជ្រៀតជ្រែក​ចូលក្នុងកិច្ចការ​បោះឆ្នោតជ្រើសរើសប្រធានាធីបតីកាលពី​ថ្ងៃ​ទី០៨ ខែវិច្ឆិកា នោះឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន សិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។​

អ្នកនាំពាក្យ​របស់​លោក ​ត្រាំ គឺលោក ស៊ីន ស៉្ពៃស៊ឺ (Sean Spicer) បាននិយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយ៍​ទូរទស្សន៍ Fox News​ ថា​គ្មានភស្ដុតាង​ណាមួយ​បញ្ជាក់ថា​រុស្ស៊ីបានជ្រៀតជ្រែក​ចូលក្នុងកិច្ចការ​បោះឆ្នោតអាមេរិកនោះឡើយ ប៉ុន្តែផ្ទុយទៅ​វិញវិធីសាស្ត្រ​ដែលប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​មួយចំនួន​បានប្រើ​ទៅវិញ​ទេ​ដែលបានជះឥទ្ធិពល​ដល់ការ​បោះឆ្នោតនេះ។ ជាងនេះទៅទៀត​អ្នកនាំពាក្យរូបនេះក៏ធ្លាប់បាន​រិះគន់​រដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា ផងដែរថាបានធ្វើការសន្និដ្ឋាន​មុននឹង​របាយការណ៍​ស៊ើបអង្កេត​ចុងក្រោយ ត្រូវបាន​លាតត្រដាង។

គួររំលឹកថា​រដ្ឋបាលលោក អូបាម៉ា បាន​ចោទ​ប្រកាន់​ទីក្រុងមូស្គូ​កាលពី​ខែតុលា​ថា បានចូលលួច (Hack) ព័ត៌មានរបស់ស្ថាប័ន​នយោបាយអាមេរិក និងមន្ត្រីក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ​​ជាច្រើន​ដើម្បីលូកដៃ​ចូលក្នុង​កិច្ចការបោះឆ្នោតអាមេរិកហើយតាមរយៈការចោទប្រកាន់នេះ ទីក្រុងវ៉ាស៊ីនតោនបាន​សម្រេច​ចិត្ត​បណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥​នាក់ ចេញពីសហរដ្ឋអាមេរិក ប៉ុន្តែរុស្ស៊ីនៅតែបដិសេធ​រាល់ការចោទ​ប្រកាន់​ទាំងនេះ៕ ​