(ប៉េកាំង)៖ បើទោះបីជាចិននិង​សហរដ្ឋអាមេរិក កំពុងតឹងសរសៃកដាក់គ្នាក្រោយពេល​មានកិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាងប្រធានាធិបតីជាប់ឆ្នោត លោក​ ដូណាល់ ត្រាំ និងប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ក៏ដោយក៏អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ​គុយ ធានកៃ (Cui Tiankai) នៅតែបញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុងប៉េកាំងនឹងសម្របខ្លួនក៏ដូចជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងារ​ជាមួយរដ្ឋាភិបាល​ថ្មី របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការ​ចេញផ្សាយ​ដោយស្ថានីយ៍​ទូរទស្សន៍ចិន CGTN​ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

លោក ​គុយ ធៀនកៃ (Cui Tiankai) នៅក្នុងបទសម្ភាសន៍ជាមួយ CGTN​ បានលើកឡើងថា «បើយើង​ត្រឡប់​ទៅកាន់ ០៨ឆ្នាំមុនខ្ញុំយល់ថា​យើងបានដឹកនាំយ៉ាង​មានប្រសិទ្ធិភាព​ ​និងលក្ខណៈស្ថាបនាក្នុងការ​លើក​កម្ពស់ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងចិនដោយភាគីទាំងពីរ​បានប្រឹងប្រែង​ពង្រីកកិច្ច​សហប្រតិបត្តិការ​កាន់តែស៊ី​ជម្រៅរវាងគ្នា»

ដោយឡែក​ឆ្លើយតបទៅនឹងសំណួរ​ពាក់ព័ន្ធ នឹងកិច្ចសន្ទនាតាមទូរសព្ទរវាង លោក ​ដូណាល់ ត្រាំ និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន លោក ​ធានកៃ​ បាន​សង្កត់​ធ្ងន់ថា​ ក្នុងលក្ខខណ្ឌ​នៃទំនាក់ទំនង​អាមេរិក-ចិន​កិច្ចសហប្រតិបត្តិការរវាងមហាអំណាចទំាងពីរ​ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយលោក​ហាក់មិនអាច​បញ្ជាក់អ្វីឲ្យ​ស៊ីជម្រៅជាងនេះឡើយ។

គួរបញ្ជាក់ថាបើតាម លោក ​គុយ ធានកៃ ទំនាក់ទំនងចិន-​សហរដ្ឋអាមេរិក ​គឺឈរលើផលប្រយោជន៍រួម ដូច្នេះភាគីទំាងពីរគួរតែធ្វើការងារជាមួយគ្នា​ដើម្បីដោះស្រាយ​ការខ្វែងគំនិតគ្នា​ទំាងឡាយ៕