(ម៉ានីល)៖ នាវាចម្បាំងសម្រាប់​ប្រឆាំងនឹង​​នាវាមុជ​ទឹក​មួយគ្រឿង​របស់រុស្ស៉ី និងនាវាសម្រាប់​​ផ្គង់ផ្គង់​សម្ភារៈ​មួយគ្រឿង​​ទៀតនៅ​ថ្ងៃអង្គារ​នេះ​​បាន​មកចូល​ចត​នៅកំពង់​ផែទីក្រុង​​ម៉ានីល​ នៃប្រទេសហ្វីលីពីន​ក្នុងដំណើរ​​ទស្សនកិច្ច​សុច្ឆន្ទៈ​មួយ ខណៈលោក​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ មានចេតនា​ចង់បង្កើត​ទំនាក់ទំនងល្អ​ជាមួយនឹង​ទីក្រុងម៉ូស្គូ។ នេះបើតាម​សម្តីរបស់មន្ត្រី​យោធា​ហ្វីលីពីន ដែលចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែល​បានឲ្យដឹងថា​នាវាពិឃាតប្រឆាំងនឹង​នាវាមុជទឹកឈ្មោះថា Admiral Tributs និងនាវា​ស្តុកប្រេង​ធុនធំមួយ​គ្រឿង​ទៀត​ឈ្មោះ​ថា Boris Butoma ​ត្រូវបានប្រទេស​រុស្ស៉ីបញ្ជូន​មកកាន់កំពង់ផែមួយ​កន្លែងនៅ​ក្នុង​រដ្ឋធានីម៉ានី​កាលពី​យប់​ថ្ងៃចន្ទម្សិលមិញ ហើយ​វា​គឺជា​ការ​ធ្វើដំណើរទស្សនកិច្ច​លើកទីមួយ​របស់នាវាយោធា​ជើងទឹក​ពីរគ្រឿងរបស់រុស្ស៉ី ក្នុងអំឡុងការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលកំពុងតែបង្កើតចំណងសម្ព័ន្ធភាពការទូតឲ្យបានរឹងមាំមួយជាមួយនឹងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ដែរថា យោងតាមលោក Lued Luncuna អ្នកនាំពាក្យ​យោធា​ជើងទឹក​ប្រទេស​​ហ្វីលីពីន​បានលើក​ឡើង​ថា​ វត្តមាន​របស់​នាវា​រុស្ស៉ី​ទាំង​ពីរ​គ្រឿង​​ពុំ​មាន​អ្វី​ខុស​ពី​​ធម្មតា​បន្តិច​​នោះ​ឡើយ ​ហើយលោក Luncuna បានឲ្យដឹងដែរថា​ ភាគីហ្វីលីពីនបានរៀបចំ​សកម្មភាព​ជាច្រើនសម្រាប់​កងទ័ពរុស្ស៉ី​នៅក្នុងអំឡុងពេល​ទស្សនកិច្ច​រយៈពេល​ ០៦ថ្ងៃរបស់ពួកគេមុនពេលនាវា Admiral Tributs និង Boris Butoma ចាកចេញទៅមាតុ​ប្រទេសវិញនាថ្ងៃទី០៧ ខែមករា៕