(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​អាមេរិក​​ជាប់ឆ្នោត​លោក ដូណាល់ ត្រាំ នឹងធ្វើការ​ពង្រីក​​ឥទ្ធិពល​នៃ​វិស័យ​​ពាណិជ្ជកម្មរបស់​រដ្ឋបាល​សហរដ្ឋអាមេរិក​ជាថ្មី​វិញ​​ តាមរយៈការ​ជ្រើសរើស​អ្នកជំនាញ​ផ្នែកពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​​នានា​មកកាន់​ការធំជាជាង​ការប្រើប្រាស់មន្ត្រីពីការិយាល័យ​ នៃអ្នកតំណាងពាណិជ្ជកម្ម​​អាមេរិក (USTR)។ នេះបើ​តាមសេចក្តី​រាយការណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកអាមេរិកដែលចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន​ ស៉ិនហួរ នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

គេហទំព័រ​នយោបាយ​ដ៏ល្បីល្បាញ​មួយរបស់​អាមេរិក​មានឈ្មោះថា «The Hill» បានចេញផ្សាយថា «ស្នូល​សំខាន់​នៃអំណាច​ពាណិជ្ជកម្ម​ទំនង​​ជា​កំពុង​ឃ្លាតឆ្ងាយ​ពី​ ការិយាល័យ​នៃអ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ដែលជាទីភ្នាក់ងារ​មួយ​ធ្លាប់​បានដឹកនាំ​រាល់កិច្ចចរចា​នានា ​ស្តី​អំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏ស្មុគស្មាញ​ជាច្រើន​កន្លង​មកនោះ រួមមានទាំងកិច្ចព្រមព្រៀង TPP និងកិច្ចព្រមព្រៀងដ៏សំខាន់មួយរវាង​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប» ។ គេហទំព័រដដែលនេះបានគូសបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗទៅលើ USTR សម្រាប់ការធ្វើកិច្ចចរចា​ទៅលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មដែលមិនល្អៗកន្លងមក។

ប្រភពខាងលើបាន​ឲ្យដឹងបន្ថែមថា​ លោក Wilbur Ross បេក្ខជនរបស់លោក ដូណាល់ ត្រាំ សម្រាប់តំណែង​ជារដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ត្រូវបានគេ​រំពឹងថា ​នឹងធ្វើការ​ដឹកនាំ​គោលនយោបាយ​ពាណិជ្ជកម្ម​ឆ្ពោះទៅមុខ​ឲ្យកាន់តែ​ប្រសើរ​ថែមទៀត​ជាមួយលោក Peter Navarro ប្រធានក្រុម​ប្រឹក្សាពាណិជ្ជកម្ម​ជាតិ​ប្រចាំ​នៅសេតវិមាន​ដែលទើបនឹង​បង្កើតថ្មី​ធ្វើជាអ្នកទំនាក់ទំនង​របស់ លោក ត្រាំ។

គេហទំព័រ The Hill បានបន្តថា​​លោក Navarro ទំនងជា​នឹងដើរតួនាទីផ្ទាល់​ច្រើនជាងនៅក្នុងការចរចាគោល​នយោបាយពាណិជ្ជកម្ម​ជាមួយប្រទេស​ផ្សេងៗ​ដូចជា​ចិន​ជា​ដើម ប៉ុន្តែ​ភាពមិនច្បាស់លាស់​នៅតែមាន​ជុំវិញ​ប្រការ​ថា​ តើលោក Jason Greenblatt អ្នកតំណាងពិសេសសម្រាប់កិច្ចចរចា​អន្តរជាតិ​របស់ លោក ​ដូណាល់ ត្រាំ នឹងធ្វើការងារជាមួយ USTR ឬមួយក៏ក្លាយជា​អ្នកជំនួសតួនាទី​របស់​ទីភ្នាក់ងារ​មួយនេះ​វិញដែរ​ ឬយ៉ាងណានោះ។

គួរបញ្ជាក់ថា​មហាសេដ្ឋី​អចលនទ្រព្យ​ក្លាយជា​អ្នកនយោបាយ​ លោក ដូណាល់ ត្រាំ​ បានកំណត់​យក​ការធ្វើ​ពាណិជ្ជកម្ម​គឺកត្តាដ៏សំខាន់​មួយនៃ​យុទ្ធនាការឃោសនា​បោះឆ្នោតរបស់លោក ហើយ​និងបាន​អំពាវនាវ​ឲ្យមានការផ្លាស់ប្តូរ​យ៉ាងថ្មី​សន្លាង​នៅក្នុងគោល​នយោបាយ​ពាណិជ្ជកម្ម។ លោក ត្រាំ ធ្លាប់បាន​ប្តេជ្ញាថា​នឹងធ្វើការចរចា​សាជាថ្មី​លើកិច្ចព្រមព្រៀង NAFTA និងដកសហរដ្ឋអាមេរិកចេញពី​កិច្ចព្រមព្រៀង TPP ក៏ប៉ុន្តែលោក​​មិនបាន​ផ្តល់ព័ត៌មាន​លម្អិតអំពីជុំវិញបញ្ហានេះ​ឡើយ៕