(ការ៉ាកាស)៖ អាជ្ញាធរវេណេស៊ុយអេឡា​បានឱ្យដឹងថា មនុស្ស១៣នាក់ កំពុងបាត់ខ្លួនបន្ទាប់ពី​ឧទ្ធម្ភាគ​ចក្រ​យោធា​ដ៏ធំមួយគ្រឿងបានធ្លាក់​កាលពីថ្ងៃទី៣០ ខែធ្នូ នៅក្នុង​ផ្លូវហោះហើរពី​ទីក្រុង Puerto Ayacucho ទៅកាន់ទីក្រុង La Esmeralda នៃរដ្ឋ Amazonas។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ជុំវិញហេតុការណ៍​នេះដែរ​នៅក្នុងកិច្ចសន្ទនាតាម​ទូរស័ព្ទជាមួយ​ស្ថានីយ៍​វិទ្យុ Union Radio អភិបាលតំបន់ លោក Liborio Guarulla បានបញ្ជាក់ថា​ឧទ្ធម្ភាគចក្រ​យោធា​ខាងលើ​​អាចធ្លាក់ នៅពេល​កំពុងធ្វើ​ដំណើរ​តាមផ្លូវ​ឆ្ពោះ​ទៅកាន់ក្នុងទីក្រុង La Esmeralda​ ជាមួយមនុស្ស១៣នាក់​ដែលជិះនៅលើនោះដោយក្នុង​ចំណោម​ពួកគេមាន​យោធា០៨នាក់ និងជនស៊ីវិល០៥នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈប្រតិបត្តិការ​ជួយសង្រ្គោះ​កំពុងធ្វើឡើង។

គួរបញ្ជាក់ថាបើតាមលោក Liborio Guarulla អាជ្ញាធរវេណេស៊ុយអេឡាមិនទាន់​ទទួល​បាន​ព័ត៌មានជាក់​លាក់​​ណាមួយនៅឡើយទេស្របពេលពួកគេ​កំពុង​កំណត់​ទីតាំង​ធ្លាក់​របស់ឧទ្ធម្ភាគចក្រ​​យោធា​​ខាងលើ៕