(​ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា ​ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦០នាក់ហើយនៅក្នុងការ​ប៉ះទង្គិច​គ្នា​ដ៏សាហាវ​រវាង​ក្រុមបងធំ​នៅពន្ធនាគារមួយ​កន្លែង​ស្ថិតក្នុង​ទីក្រុង Manaus នៃរដ្ឋ Amazon។ នេះបើតាមស្ថានីយ៍ទូរទស្សន៍ Globo TV network ដែលចុះផ្សាយបន្តដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​សិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។​

ថ្លែងប្រាប់​ស្ថានីយ៍​ទូរទស្សន៍ Globo TV network ប្រធាន​សន្តិសុខ​នៃរដ្ឋ Amazon លោក Sergio Fontes ​បានឱ្យដឹងថា​លោកមានការបារម្ភ​ដោយខ្លាចក្រែង​ចំនួន​អ្នកស្លាប់​អាច​នឹង​មានច្រើន​ជាងនេះ ខណៈអាជ្ញាធរ​សន្និដ្ឋានថាការប៉ះទង្គិចដែលបានកើត​ឡើងនៅថ្ងៃចន្ទ គឺអាចបង្កឡើង​ដោយសារ​ជម្លោះ​រវាងក្រុម​បងធំ​នៅក្នុងពន្ធនាគារ Manaus។

គួរបញ្ជាក់ថា​ក្រុមអង្គការឃ្លំាមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះ​ការគ្រប់គ្រង​ប្រព័ន្ធ​ពន្ធនាគាររបស់អាជ្ញា​ធរប្រេស៊ីល​ ដែលជារឿយៗ​តែងតែ​បណ្តែតបណ្ដោយឱ្យរឿង​បែបនេះ​កើតឡើង៕