(បាដាដ)៖ មនុស្សចំនួន ៣៥នាក់បានបាត់បង់ជីវិត និង៦១នាក់ផ្សេងទៀតបានទទួលរងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះរថយន្តមួយគ្រឿង​ក្នុង​ទីប្រជុំជន​ ​នៃក្រុមអ៉ីស្លាម​និកាយ​ស៉ីអ៉ីត​មួយកន្លែង ដែលស្ថិតនៅ​ភាគខាងកើត​រដ្ឋធានី​បាកដាដរបស់ប្រទេស​អ៉ីរ៉ាក់។ នេះ​បើ​តាម​ការ​​អះ​អាង​ពី​ក្រសួង​មហាផ្ទៃ​ ដែលចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាល្ងាចថ្ងៃចន្ទ​ ទី០២ ខែមករា ឆ្នាំ២០១៧។

មន្ត្រីខាងលើបានថ្លែងនៅក្នុង​លក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ​ ឲ្យ​ដឹងយ៉ាងដូច្នេះថា «របាយការណ៍​ចុងក្រោយ​បំផុត​បានបញ្ជាក់ថា​ ជនរងគ្រោះចំនួន​ ៣៥នាក់​បានស្លាប់ និង៦១នាក់ផ្សេងទៀត​បានទទួល​របួស ដោយសារការបំផ្ទុះ​រថយន្តមួយគ្រឿង​នៅក្នុងតំបន់ទីក្រុង Sadr ហើយហេតុការណ៍​ដ៏អាក្រក់នេះបានកើត​ឡើងមុន​​ពេលរសៀល​នៅពេលដែល​រថយន្តបង្កៃ​ដោយគ្រាប់បែក​ត្រូវបានជនដៃ​ដល់បំផ្ទុះនៅចំ​ផ្លូវបំបែក​លេខ ៥៥ ដែល​ពោរពេញទៅ​ដោយ​មនុស្សម្នា​ក្នុងទីប្រជុំជន​ របស់ក្រុមអ៉ីស្លាមនិកាយស៉ីអ៉ីតនៃទីក្រុង Sadr ភាគខាងកើតនៃ​រដ្ឋធានីរបស់​ប្រទេសអ៉ីរ៉ាក់»

គួរបញ្ជាក់ថា ខណៈពេលនេះ​ពុំទាន់មានក្រុម​សកម្មប្រយុទ្ធ​ណា​មួយចេញ​​មុខអះអាង​ថា​ ជាអ្នកនៅពី​ក្រោយ​ខ្នង​នៃការវាយ​ប្រហារ​អត្តឃាត​ខាងលើនេះនៅឡើយនោះទេ ប៉ុន្តែក្រុមរដ្ឋអ៉ីស្លាម ISIS ដែលជារឿយៗ​បានប្រពឹត្តអំពើ​ដ៏ឃោរឃៅ​បែបនេះទៅលើ​កម្លាំងសន្តិសុខ​អ៉ីរ៉ាក់ ក៏ដូចជានៅតាមតំបន់​ទីប្រជុំជន​រួមមាន​ទាំងផ្សារ, ហាងកាហ្វេ​, និងព្រះវិហារនៅទូទាំងប្រទេសអ៉ីរ៉ាក់នោះ ត្រូវបានគេជឿជាក់ថាជា​នៅពីក្រោយករណីនេះ៕